Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជិះទូកពិនិត្យមើលស្ថានភាពជាក់ស្តែង នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដើម្បីស្វែងយល់អំពីទិដ្ឋភាពរួម របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប្រកបរបរនៅទីនោះ

សៀមរាប ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជិះទូកពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ដើម្បីស្វែងយល់អំពីទិដ្ឋភាពរួមរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅប្រកបរបរនៅទីនោះ ជាមួយនឹងភោជនីយដ្ឋានបណ្ដែតទឹក បែចិញ្ចឹមត្រី ជាពិសេសទៅទៀតនោះគឺ ឯកឧត្តមរដ្ឋមន្ត្រី បានទស្សនាផ្ទាល់នូវទិដ្ឋភាពនៃសេវាអុំទូកកម្សាន្តក្នុងភូមិ ដែលមានអ្នកអុំទូកជាស្រ្តី ចំនួន ៩៦១ទូក ក្រុមស្រ្តីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទេសក៏ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណៈស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ សិ្នទ្ធស្នាល និងផ្ដល់នូវភាពកក់ក្ដៅដល់ទេសចរជាតិ និងអន្តរជាតិផងដែរ។

នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, អាជ្ញាធរមូលដ្ឋាន, សមាគម CATA, បងប្អូនសហគមន៍ សរុបចំនួន ៧០ រូប ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ, ចុះពិនិត្យទិដ្ឋភាពពិតជាក់ស្តែងនៅគោលដៅទេសចរណ៍ធម្មជាតិកំពង់ភ្លុក, ពិនិត្យហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់លោកប្រធានសហគមន៍ លោកមេឃុំ ក៏ដូចជាបងប្អូនអុំទូកនៅក្នុងសហគមន៍ដែលភាគច្រើនជាស្ត្រី ក្នុងគោលដៅស្វែងរកនូវដំណោះស្រាយរួមគា្នដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្តនៅគោលដៅទេសចរណ៍កំពង់ភ្លុក ឱ្យបានកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ជូនផងដែរថាភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប, ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក, អុំទូកទស្សនាក្នុងភូមិ, ទស្សនាព្រៃលិចទឹក, ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ, ភោជនីយដ្ឋានបណ្តែតទឹក, បែចិញ្ចឹមត្រី ជាពិសេសផ្តិតយកនូវរូបភាពស្អាតៗទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×