Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ផ្តល់ជាអនុសាសន៍ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ

ភ្នំពេញ ៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បី ផ្សព្វផ្សាយ ក្រើនរំលឹក អំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពអនាម័យជនបទនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់អនាម័យជនបទ ដែលក្នុងនោះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបញ្ជាក់យ៉ាង ច្បាស់នូវការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ បន្ថែមពីនេះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។

អត្រាកំណើននៃការទទួលបានសេវាអនាម័យជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យ កត់សម្គាល់ និងប្រកបដោយមោទនភាព។ នាពេលបច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ ជនបទ នៅព្រះរាជាណាចក្រកម្ពុជា បានកើនឡើងដល់ប្រមាណជាង ៩០% ដែលក្នុងនោះមានភូមិចំនួន ៩ ៦៧៥ ឃុំចំនួន៧៩៥ ស្រុកចំនួន៧៩ ក្រុងចំនួន១៥ ខណ្ឌចំនួន១៤ និងខេត្តចំនួន១០ រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និង ខេត្តសៀមរាប ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ទន្ទឹមនេះ ក្នុងចំណោមខេត្តខាងលើ មានខេត្ត មួយចំនួនបាននិងកំពុងវាយតម្លៃ ដើម្បីឈានទៅសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់។

វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងយន្តការសម្រាប់អនុវត្តប្រកប ដោយប្រសិទ្ធភាព ក៏ដូចជាមានការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអនាម័យជនបទ រួមទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ជាពិសេស ក៏បានឆ្លុះបញ្ចាំងអំពីការកើនឡើង នូវកម្រិតយល់ដឹងអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យជនបទផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋនៅតំបន់ជនបទ ដែលចូលរួម យ៉ាងសកម្មក្នុងការលើកកម្ពស់អនាម័យជនបទ ឱ្យសម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់នេះ។ សម្តេច ក៏សូមលើក ទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការ និងយកចិត្តទុកដាក់កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញ និងពន្លឿនអត្រាគ្របដណ្តប់អនាម័យជនបទនៅកម្ពុជា បានកាន់តែប្រសើរឡើង និងឈានទៅ សម្រេចតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ នេះ សម្តេចបវរធិបតី សូមផ្តល់ជាអនុសាសន៍ និងគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១- បន្តពង្រឹងយន្តការក្នុងការសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២- ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តចូលរួមសហការ ឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដើម្បី ឈានទៅសម្រេចគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានកំណត់ថា នៅ ឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ១០០% នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យ ឯកជន ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមចំណែកជំរុញ និងលើកកម្ពស់អនាម័យជនបទ។

ទី៤- ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ និងពង្រឹងយន្តការចងក្រងប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្រា គ្របដណ្តប់អនាម័យជនបទ ឱ្យបានកាន់តែច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត ដើម្បីប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារលើកកម្ពស់អនាម័យជនបទ។

ទី៥- ត្រូវខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទ ដែលសមស្របនិង មានភាពធន់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមក។

ទី៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាល រៀបចំផែនការយុទ្ធសាស្ត្រជាតិ ក៏ដូចជាផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ ជំហានទី៣ សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ។

ទី៧- លើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាពដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលមាន អត្រាអនាម័យទាប ឱ្យទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ទី៨- ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ ជនក្រីក្រ ជនជាតិ ដើមភាគតិច ស្ត្រីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបាន សេវាអនាម័យជនបទកាន់តែប្រសើរឡើង។

ទី៩- បន្តជំរុញ និងលើកកម្ពស់ការលាងសម្អាតដៃនឹងសាប៊ូ នៅតាមទីសាធារណៈ សហគមន៍ សាលារៀន និងស្ថាប័នសាធារណៈ តាមរយៈការបង្កើតកន្លែងលាងដៃសាធារណៈ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×