Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ បង្កើតគណៈកម្មាធិការជាតិ ដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មានកាតព្វកិច្ចដកហូតដីពីជនខិលខូចមិនប្រើប្រាស់ និងបម្រើការតវ៉ារឿងដីធ្លីជូនប្រជាពលរដ្ឋ

ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ផ្ដោតលើការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ប្រកបមុខរបរបៃតង។

គណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី  ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មាននាយករដ្ឋមន្ត្រីជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកជាច្រើននាក់ទៀត មកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។

ព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ ៖ ត្រូវបានបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលសរសេរជាអក្សរកាត់ថា ផ.ក.អ. ជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូន ប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាននិងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

ផ.ក.អ. មានភារកិច្ចដូចតទៅ ៖

  • កំណត់ និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ,
  • ពិនិត្យ និងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ,
  • ពិនិត្យ និងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ,
  • ពិនិត្យ និងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំង និងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដី និងតំបន់តភ្ជាប់ ,
  • ពិនិត្យ និងសម្រេចលើសំណើលុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់ និងបែងចែកដី ព្រមទាំងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃ ការកាន់កាប់ និងប្រើប្រាស់ដី ,
  • ពិនិត្យ និងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព ,
  • ពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច ដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានប្រសិទ្ធភាព និងប្រសិទ្ធផល។

សម្របសម្រួល និងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមគាំទ្រកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់តែប្រសើរ។

អ្វីដែលប្រជាពលរដ្ឋត្រេកអរនោះ គឺគណៈកម្មាធិការនេះ មានកាតព្វកិច្ចដកហូតដីពីជនខិលខូចដែលអោបក្រសោបដីធ្លីទុក មិនប្រើប្រាស់ជាប្រយោជន៍ និងបម្រើការតវ៉ារឿងដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋមួយចំនួនធំ កំពុងរងគ្រោះដោយសារជនខិលខូច ជនមានទឹកប្រាក់ ជនមានអំណាច តួនាទី រំលោភបំពាន គៃបំបាត់ រំលោភយកទាំងកម្រោលតែម្ដង លុះពេលមានគណៈកម្មាធិការនេះ ពួកគេត្រេកអរចាត់ទុកថា ជាក្ដីសង្ឃឹមរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ៕ ពិសិដ្ឋ CEN

×