Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ កន សុខកាយ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់​

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់​ របស់ឈ្មោះ កន​ សុខកាយ​។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៣១៥ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទ មានខ្លួនឈ្មោះ កន សុខកាយ ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ព្រមទាំងជនត្រូវចោទចំនួន ៣នាក់ទៀត គឺ ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅ ពន្ធនាគារ) ២.ឈ្មោះ ដួង តារា ភេទប្រុស អាយុ ៥៦ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង៣.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា ដំណើររឿងដែលនាំឱ្យមានការ ចោទប្រកាន់នេះ គឺ ឈ្មោះ កន សុខកាយ បានយកប្រាក់ចំនួន ៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារ ទៅឱ្យ ឈ្មោះ លី សាម៉េត, ឈ្មោះ ដួង តារា និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ កន សុខកាយ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×