លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ដែលពិធីនេះ បានប្រព្រឹត្តទៅនាសាលប្រជុំរបស់សាលាខេត្តស្វាយរៀង។ មានការអញ្ជើញចូលរួមពីសំណាក់លោកលោក លោក ស្រី ជា អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកតំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
មានប្រសាសន៍ក្នុងឱកាសនោះលោកអភិបាលខេតបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព នាខែវិច្ឆិកាកន្លងមកនេះ ។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួន
១-ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ
២-សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប អំពីការអនុវត្តសាលដីការបស់តុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិ
៣ -រដ្ឋបាលក្រុង ស្រុកត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឲ្យបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីធានាប្រក្រតីភាព និងនិរន្តភាពក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវានានា ការគ្រប់គ្រងចាត់ចែង ការប្រើប្រាស់ថវិកា និងការដោះស្រាយសំណើសំណូមពរនានាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ព្រមទាំងត្រូវពង្រឹងការបំពេញការងាររបស់ស្មៀនឃុំ សង្កាត់ និងកិច្ចការផ្សេងៗទៀតស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ
៤-មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីររ៉ែ និងថាមពល ត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋានបច្ចេកទេសនៃការរៀបចំស្ថានីយប្រេងឥន្ធន: ស្ថានីយឧស្ម័នឥន្ធន: និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធន: ។
លោក ម៉ែន វិបុល ក៏បានផ្ដាំផ្ញើបន្ថែមដល់មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តរក្សាឲ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អ ធានាការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕ វ៉ៃកូ