Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការ ក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្ដែងការរីករាយ ដោយបានទទួលជួប ឯកឧត្តមអគ្គរដ្ឋទូត ទីម័រឡេស្តេ សាជាថ្មី បន្ទាប់ពីជំនួបលើកមុន ក្រោយពេលដែលអគ្គរដ្ឋទូតបានជូនសារតាំងប្រមុខរដ្ឋស្តីទីកាលពីឆ្នាំ២០២០។ សម្ដេចតេជោ បានលើកឡើងថា សម្ដេច និងឯកអគ្គរដ្ឋទូតបានធ្វើការជាមួយគ្នាយ៉ាងច្រើនជាពិសេសក្នុងពេលដែលពិភពលោកជួបប្រទះនឹងការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានធ្វើការជាមួយគ្នានៅក្នុងការជំរុញឱ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន។

សម្តេច បានកោតសរសើរចំពោះភាពសកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមជាព្រឹទ្ធបុរសនៃអង្គទូតនៅកម្ពុជា ហើយសម្ដេចក៏បានសម្ដែងនូវសេចក្ដីសង្ឃឹមថា នឹងបានបន្តធ្វើការជាមួយគ្នាបន្តទៀត ដើម្បីជំរុញនិងពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរថែមទៀត។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវការរីករាយ ដោយបានលើកឡើងថា ​គឺជាបុព្វសិទ្ធិនិងកិត្តិយសដ៏ធំធេងដែល សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។​ ឯកឧត្តម បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងបានរំលឹកថានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានជូនសារតាំងចំពោះប្រមុខរដ្ឋស្ដីទី ឯកឧត្តមបានចូលជួបសំដែងការគួរសម សម្ដេចតេជោ នៅវិមានសន្តិភាព ហើយបានរៀបរាប់ពីការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ដែលក្នុងនោះគឺទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ទីម័រឡេស្តេនៅឆ្នាំ២០១៦ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងទីម័រឡេស្តេ។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ទីម័រឡេស្តេ គឺ ឯកឧត្តម Jose Manuel Ramos-Horta ប្រធានាធិបតី និង ឯកឧត្តម Kay Rala Xanana Gusmão ដែលជាអតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើក ដែលទាំងអស់នេះបានពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាបងប្អូនរវាងកម្ពុជានិងទីម័រឡេស្តេ ដោយប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រស្រដៀងគ្នា ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣កន្លងទៅ ដែលនេះជាសក្ខីភាពនៃលិទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក​។ ឯកឧត្តមបានធ្វើជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោត​នេះ និងបានជួបជាមួយអ្នកទៅចូលរួមការបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ ព្រមទាំងបានសម្ដែងការដឹងគុណនិងកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ប្រជាជនមានការងារធ្វើ មានជីវភាពរីកចម្រើន មានលំនៅឋានរស់នៅសមរម្យ និងកាន់ប្រសើរឡើងជាលំដាប់។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោក៏ជាមេដឹកនាំសម្រាប់តំបន់និងពិភពលោកផងដែរ។ ឯកឧត្តម បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍនិងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយឯកឧត្តមបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ ឯកឧត្តមក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានកោតសរសើរនូវសមិទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២កន្លងទៅ ជាពិសេសគឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិក៩ផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់សំណើអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ឯកឧត្តម ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេនិងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានពាំនាំនូវការអញ្ជើញពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាព​នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ឯកឧត្តមកន្លងមក។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋទូត នូវទំនាក់ទំនងវាងប្រទេសយើងទាំងពីរ ដោយសម្ដេចបានចាត់ទុកថាយើងបានធ្វើការជាមួយគ្នាដោយឆ្លងកាត់ការលំបាកជាច្រើន ពិសេសក្នុងសម័យកាលរាតត្បាតនៃជំងឺកូវីដ១៩ និងបានធ្វើការជាមួយគ្នាដើម្បីជំរុញឱ្យទីម័រឡេស្តេ ចូលទៅក្នុងសហគមន៍អាស៊ាន។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ទៅបំពេញទស្សនកិច្ចផ្លូវការ ដោយសម្ដេចតេជោបញ្ជាក់ថានឹងរកពេលវេលាសមស្របដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេសាជាថ្មី។
សម្ដេចតេជោបានរំលឹកថា ​មូលហេតុដែលនាំឱ្យសម្ដេចសម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្តេឆ្នាំ២០១៦ នោះ ទី១) គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ និងទី២) ដើម្បីមើលឃើញជាក់ស្ដែងពីការអភិវឌ្ឍរបស់ទីម័រឡេស្តេ និងជាការបញ្ជូនសារទៅកាន់បណ្ដាសមាជិកអាស៊ានដទៃទៀតពីវឌ្ឍនភាពទីម័រឡេស្តេដែលអាចចូលជាសមាជិកសហគមអាស៊ាន។

សម្ដេចតេជោ ក៏បានរំលឹកផងដែរថា សម្ដេចតែងតែបានលើកពីប្រទេសទីម័រឡេស្តេរាល់ពេលកិច្ចប្រជុំនានាជាពិសេស នៅឆ្នាំ២០១២ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក សម្ដេចតេជោ ក៏បានថ្លែងផងដែរពីការជួយជំរុញឱ្យទីម័ឡេស្តេបានចូលជាសមាជិកអាស៊ាន ហើយអង្គសន្និបាតបានទះដៃគាំទ្រយ៉ាងខ្លាំង។សម្ដេចតេជោ ក៏បានរំលឹកបន្ថែមទៀតថានៅឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចបានជំរុញឱ្យទទួលយកប្រទេសទីម័រឡេស្តេចូលជាប្រទេសសង្កេតការណ៍ ដោយចូលរួមប្រជុំគ្រប់វេទិកាទាំងអស់។ ហើយថ្មីៗនេះកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើង និងជំរុញឱ្យប្រទេសទីម័រឡេស្តេបានចូលជាសមាជិកអាស៊ានពេញលេញផងដែរ។

សម្ដេចតេជោបានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងទីម័រឡេស្តេ ដោយទំហំពាណិជ្ជកម្មក៏បានកើនឡើង ពិសេសអរគុណទីម័រឡេស្តេដែលបាននាំអង្ករពីកម្ពុជា ចំនួន ៤ពាន់តោននៅឆ្នាំ២០២៤នេះ។ ​សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាយើងមានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក ដោយទីម័រឡេស្តេមានសមត្ថភាពនិងបទពិសោធន៍ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជាមានស្បៀងដែលយើងនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា ហើយកម្ពុជាត្រូវការរៀនសូត្រពីទីម័រឡេស្តេនូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់បានវិនិយោគឬក៏យកផលប្រយោជន៍ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ។ សម្តេច មានសុទិដ្ឋិនិយមក្នុងការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ក៏ត្រូវត្រៀមលក្ខណៈជាប្រធានអាស៊ាននៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមរម្យតាមតម្រូវការផងដែរ។

សម្ដេចតេជោក៏បានលើកឡើង ពីហេតុផលដែលសម្ដេចបានដកខ្លួនពីនាយករដ្ឋមន្ត្រីហើយប្រគល់តំណែងនិងផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ដែលការលះបង់នេះគឺដើម្បីដោះដូរជាមួយនឹងសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាបន្តទៅមុខ។

​ឯកអគ្គរដ្ឋទូត ទីម័រឡេស្តេ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងថ្លែងបញ្ជាក់សាជាថ្មីថានេះគឺជាមោទនភាព កិត្តិយសនិងបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់បំផុតដែល សម្ដេចតេជោ ជាមេដឹកនាំ ជាបិតាមួយរូបរបស់កម្ពុជា ជាមេដឹកនាំក្នុងអាស៊ាន និងពិភពលោក បានអនុញ្ញាតឱ្យ ឯកឧត្តមនិងសហការីបានចូលជួបសំដែងការគួរសមនាពេលនេះ។
ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្តមអគ្គរដ្ឋទូត និងសហការីបន្តបំពេញការងារប្រកបដោយភាពជោគជ័យនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×