ព្រះសីហនុ៖ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តនេះ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីតាំងសាខាក្រុមហ៊ុនស៊ីម៉ង់តិ៍អូដ្ឋ ជីបម៉ុង ប្រចាំខេត្តព្រះសីហនុ បានចុះផ្សព្វផ្សាយកម្មវិធីអប់រំវគ្គបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបររថយន្ត របស់ក្រុមហ៊ុននេះចំនួន ៣៥នាក់។ គោលបំណង នៃការបើកវគ្គបណ្តុះបណ្តាលនេះ ប្រយោជន៍ បន្ថែមការយល់ដឹងពីច្បាប់ចរាចរណ៍ជូនដល់អ្នកបើកបរក្រុមហ៊ុនជីបម៉ុង អោងមានការទទួលខុសត្រូវខ្ពស់ទៅលើការបើកបរប្រចាំថ្ងៃ របស់ខ្លួន ដើម្បីឈានទៅរួមចំណែកកាត់បន្ថយអត្រាស្លាប់ និងរងរបួស ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ អោយថយចុះនាបណ្តាឆ្នាំខាងមុខ។
វគ្គបណ្តុះបណ្តាលនេះ ឃើញមានវត្តមាន លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនកណ្តាលសណ្តាប់ធ្នាប់ លោក នុត លី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក ពឹង សុគន្ធ ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន ជីបម៉ុង លោក ចាប ស៊ីនឿន ប្រធានរោងចក្រជីបម៉ុង សាខាខេត្តព្រះសីហនុ និងចូលរួមពីបុគ្គលិកអ្នកបើកបររថយន្តទាំងអស់ របស់ក្រុមហ៊ុននេះ។
នាឱកាសនោះ លោក នុត លី អនុប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុ អោយដឹងថា កន្លងមក មន្ទីរសាធារណៈការ ធ្លាប់បានបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍នេះ ជូនដល់អ្នកបើកបរក្រុមហ៊ុនជីបម៉ុងនេះម្តងហើយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការប្រើប្រាស់ផ្លូវ អោយមានសុវត្ថិភាពនៅកម្ពុជា។
លោក នុត លី បន្តថា វគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃនេះ ពិសេសជាងវគ្គមុនៗទៅទៀត ដោយសារមានមន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ជាពិសេសក្រុមហ៊ុនជីបម៉ុង សាខាខេត្តព្រះសីហនុ បានគាំទ្រវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកនេះដោយយកចិត្តទុកដាក់ និងបានបញ្ចូនបុគ្គលិកបើករថយន្ត របស់ខ្លួន មកចូលរួមច្រើនកុះករ។
ចំណែក លោក ចាប ស៊ីនឿន ប្រធានរោងចក្រក្រុមហ៊ុនជីបម៉ុង សាខាខេត្តព្រះសីហនុ បានស្វាគមន៍មន្ត្រីស្ថាប័នជំនាញនគរបាល និងមន្ទីរសាធារណៈការ ដែលចុះមកដល់ក្រុមហ៊ុនជីបម៉ុងផ្ទាល់ ដើម្បីបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ ជូនបុគ្គលិកក្រុមហ៊ុន ជាពិសេសអ្នកបើកបរ អោយពួកគេ បានយល់ដឹងបន្ថែមទៀត ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក៏ដូចជានៅតាមផ្លូវសាធារណៈនាមូលដ្ឋានខេត្តព្រះសីហនុនាថ្ងៃអនាគត។
ដោយឡែក លោក ពឹង សុគន្ធ ប្រធានប្រតិបត្តិការក្រុមហ៊ុនជីបម៉ុង ក៏បានអោយដឹងដែរថា ក្រុមហ៊ុននេះ មានសាខាចំនួន ៣ទីតាំង រួមមាន៖ នៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តព្រះសីហនុ។
លោកបន្តថា នាពេលកន្លងទៅ វគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកដល់បុគ្គលិក ឬអ្នកបើកបររថយន្តក្រុមហ៊ុននេះ គឺធ្លាប់បានអនុវត្តនៅសាខាក្រុមហ៊ុន ប្រចាំខេត្តកំពត និងរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ខេត្តព្រះសីហនុវិញ វាជាលើកទី១ សម្រាប់បុគ្គលិកបើកបរ ហើយមានមន្ត្រីថ្នាក់ដឹកនាំស្ថាប័នជំនាញសំខាន់ៗ រួមមាននគរបាល និងមន្ត្រីមន្ទីរសាធារណៈការខេត្តជាដើម បានចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់ការអប់រំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជូនអ្នកបើកបរក្រុមមហ៊ុនខ្លួន មានភាពទូលំទូលាយ។
ទាក់ទិនការចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ មន្ត្រីមន្ទីរសាធារណៈការខេត្តព្រះសីហនុ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក៏បានបង្កើតកម្មវិធីផ្តល់មួកការពារសុវត្ថិភាព ចែកជូនដល់ប្រជាពលរដ្ឋចំនួន ២លើក និងបានណែនាំអប់រំដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវ អោយមានការប្រុងប្រយ័ត្នពេលបើកបរ ដោយរំលឹកដល់ពួកគេ ត្រូវប្រកាន់ខ្ជាប់ ការគោរពច្បាប់ចរាចរណ៍អោយបានជាប្រចាំ ទោះចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី ប្រយោជន៍ដើម្បីការការពារសុវត្ថិភាព ឬការពារអាយុជីវិតផ្ទាល់ខ្លួន នៅតាមក្រុមគ្រួសារនីមួយៗ ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ៕ ដោយ៖ ដែន សីមា