Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងព្រែកជីកហ្វូណនតេជោ មិនមានអ្វីរាំងស្ទះដំណើរការសាងសង់នោះទេ

សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការរាំងស្ទះដូចការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះទេ តែក្រុមការងារជំនាញកំពុងរៀបចំនីតិវិធីតាមដំណាក់កាលៗ ដោយកំណត់និយាមការពីផលប៉ះពាល់ ជាពិសេសការដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ។

ការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអនុវត្តត្រឹមត្រូវតាមនិតិវិធីជាការងារចាំបាច់ ដែលក្រុមការងារបានកំពុងអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងការកំណត់និយាមការឲ្យបានច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពជាក់ស្ដែងនៅលើដី និងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ ដើម្បីធានាដំណើរការជីកព្រែកបានទៅដោយរលូនប្រកបដោយការទទួលខុសត្រូវខ្ពស់។

ការចេញមកច្រានចោល និងបញ្ជាក់យ៉ាងច្បាស់ពីដំណើរព្រែកជីកហ្វូណនតេជោ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា ដំណើរការជីកព្រែកហ្វូណនតេជោ ត្រូវបានផ្អាកដោយសារតែក្រុមហ៊ុនដៃគូ មិនមានថវិកាវិកាគ្រប់គ្រាន់ដើម្បីបន្តសកម្មភាពរបស់ខ្លួនបន្តទៀត។ ចំពោះការចេញផ្សាយព័ត៌មាននេះ គឺជាការផ្សព្វផ្សាយព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មហាជន មកលើរាជរដ្ឋាភិបាល។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការព្យាយាមផ្សព្វផ្សាយប្រឌិតព័ត៌មានមិនពិតនានាផ្ទុយពីស្ថានភាពរបស់កម្ពុជា ជាពិសេសបញ្ហាដំណើរការជីកព្រែកហ្វូណនតេជោ ពីសំណាក់អ្នកនយោបាយដែលអាចក្តាប់បានព័ត៌មានជាច្រើនជាចំណុចមួយមិនឱ្យមានការឯកភាពជាតិខ្មែរតែមួយ តាមរយៈរុញឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ មានមន្ទិលសង្ស័យរវាងខ្មែរ និងខ្មែរគ្នាឯង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវខ្ញុំឃើញគេថា ព្រែកជីកហ្វូណនអស់លុយធ្វើអីណាទៀតហើយ និយាយទៅជាអ៊ឹចឹងកើត ថាអត់ដឹងរឿងចុះខ្ញុំករុណាមិនថា ប៉ុន្តែ អ្នកដឹងរឿងហើយនេះ នៅតែមានចេតនានិយាយមិនពិត ដើម្បីឱ្យអ្នកផ្សេងជឿខុស រឿងព្រែកជីក យើងបុកគ្រឹះនៅថ្ងៃទី២៥ ខែសីហា មិនទាន់បានអីផងមានអ្នកស្រែកថាយើងបំផ្លាញផ្ទះពលរដ្ឋ អ៊ឹចឹងយើងមិនទាន់ធ្វើអីគេយើងអស់លុយធ្វើមិនចេញ វៃហើយស្ងាត់ ខ្ញុំសូមបញ្ជូនសារទៅប្រាប់នីតិវិធី គេមិនមែនធ្វើគេមិនមែនសម្ពោធហើយទៅដល់ឈូសឆាយនោះទេ គេត្រូវកំណត់និយាមការឱ្យបានច្បាស់លាស់ ពិនិត្យឡើងវិញកន្លែងណាត្រាយផ្លូវ ចុះដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនហើយទើបដាក់គ្រឿងចាក់ទៅជីក»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចំពោះដំណើរការជីកព្រែកហ្វូនណនតេជោ គឺរាជរដ្ឋាភិបាល បានសិក្សាយ៉ាងច្បាស់លាស់ពីផលប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងស្ថាបនាព្រែកជីក ហើយចំណុចនេះ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងការទទួលខុសត្រូវប្រកបដោយគុណធម៌ ចំពោះប្រជាជន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ហើយនៅខែនេះជារដូវវស្សា ដូច្នេះ សួរថាតើអាចដំណើរការជីកព្រែកទៅរួច ឬទេ? ត្រង់ចំណុចនេះក្រុមការងារជំនាញបានកំណត់យ៉ាងច្បាស់លាស់ ជាពិសេសកំណត់ទីតាំងតម្រាយមួយចំនួនទៀត ដើម្បីកុំឱ្យប៉ះពាល់ដល់ទីតាំងបូរាណដ្ឋានជាដើម។

ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ បើប្រជាពលរដ្ឋដែលលោកមិនបានដឹងព័ត៌មានច្បាស់នោះវាមិនអីនោះទេ ប៉ុន្តែ មានអ្នកនយោបាយខ្លះដឹងច្បាស់ក្រឡែត តែនៅតែបន្លាចប្រជាពលរដ្ឋ អាហ្នឹងមិនដឹងថាម៉េចទេបាបយ៉ាងខ្ញុំករុណាមិនដឹងទេ អ៊ឹចឹងនយោបាយក៏ត្រូវពឹងផ្អែកទៅលើសច្ចៈភាពដែលធម៌បានផ្តល់ដែរ។

សូមរំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ បានចេញសេចក្ដីបំភ្លឺព័ត៌មាន និងច្រានចោលទាំងស្រុង នូវការចេញផ្សាររបស់សារព័ត៌មានបរទេសមួយចំនួន ដូចជាកាសែតបាងកកប៉ុស្ដិ៍ និងកាសែតរ៉យទ័រ ដែលផ្សាយថា គម្រោងព្រែកជីកហ្វូណនតេជោ ដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការអនុវត្ដគម្រោង។ ក្រសួងចាត់ទុកថាព័ត៌មានដែបានចុះផ្សាយនេះ គឺមានភាពមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងគោលបំណងបំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធនឹងដំណើរការសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្ដគម្រោងព្រែកជីកនេះយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេសរបស់ក្រសួង បានបញ្ចប់ការសិក្សាលម្អិត និងកំពុងចុះវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្ដែងចំពោះបងប្អូនប្រជាពលរដ្ឋ តម្រាយផ្លូវទឹកមួយចំនួនបន្ថែម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវកំណត់ និងដោះស្រាយចំពោះមុខ។ លើសពីនេះ ក្រុមការងារអនុវត្ដគម្រោងបាននឹងកំពុងបន្ដអនុវត្ដយ៉ាងសស្រាក់សស្រាំ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌ និងដៃគូអន្ដរជាតិ មិនដូចការលើកឡើងមិនពិតម្ដងហើយម្ដងទៀតរបស់សារព័ត៌មានទាំងនោះឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×