Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ាសហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព

ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព(IPTP) បានអនុញ្ញាតឱ្យលោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Siti Rozaimeriyanty Dato Haji Abdul Rahman) អគ្គលេខាធិការអន្ដរសភាអាស៊ាន (អាយប៉ា/AIPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដែលលោកជំទាវ បានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃIPTP ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានរដ្ឋសភាគូសបញ្ជាក់ថា វត្តមានដ៏ថ្លៃថ្លារបស់លោកជំទាវអគ្គលេខាធិការ AIPA នៅក្នុងព្រឹត្តិការណ៍ IPTP នាពេលនេះពិតជាមានសារៈសំខាន់ ព្រោះមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់អង្គការអន្តរសភាមួយនេះប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាពជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលរបស់អន្តរសភាអាស៊ានផងដែរ។

នៅក្នុងសម័យប្រជុំលើកទី១១សភាអន្តរជាតិដើម្បីភាពអត់ឱន(IPTP) និងសន្តិភាពដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អន្តរសភាអាស៊ាន (AIPA)នឹងចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹង IPTP ។ អនុស្សរណៈនៃការយោគយល់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការរួមចំណែកបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើងសម្រាប់សន្តិភាពនៅក្នុងតំបន់​ និងពិភពលោក។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់គ្នានេះ ក៏នឹងបើកឱកាសថ្មីសម្រាប់ AIPA ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត សំដៅទាញផលប្រយោជន៍ដល់អាយប៉ា ក៏ដូចជាសភាសមាជិកអាយប៉ាផងដែរ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់​ និងកោតសរសើរយ៉ាងក្រៃលែងចំពោះលទ្ធផលការងាររបស់លោកជំទាវនៅក្នុងការដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ាកន្លងមកទទួលបានជោគជ័យជាច្រើន។ សម្តេចបានកត់សម្គាល់ថា សំឡេង និងឥទ្ធិពលរបស់ AIPA បានកើនឡើងយ៉ាងខ្លាំង ដូចដែលបានបង្ហាញតាមរយៈការកើនឡើងនៃចំនួនសភាសង្កេតការណ៍របស់ AIPA មានចំនួនកើនឡើង ហើយ AIPA បានចូលរួមយ៉ាងសកម្មនៅលើវេទិកាតំបន់ អន្តរជាតិ និងសកលលោក ពិសេសការលើកកម្ពស់ស្រ្តី​ និងយុវជន ដែលជាធនធានដ៏មានសក្តានុពលនៅក្នុងការអភិវឌ្ឍ​ និងសន្តិភាព។

លោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ​ និងសហការីនៅក្នុងឱកាសនេះ។ លោកជំទាវអគ្គលេខាធិការអាយប៉ា បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ពិសេសការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ប្រកបដោយខ្លឹមសារ​ និងអត្ថន័យនៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅប្រទេសឡាវកន្លងមកនេះ។
លោកជំទាវ ស៊ីទី រ៉ូសាយមេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ ក៏បានវាយតម្លៃខ្ពស់​ និងកោតសរសើរដល់ការផ្តួចផ្តើមជាច្រើនរបស់កម្ពុជា នៅក្នុងការលើកកម្ពស់តួនាទីរបស់អាយប៉ា ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន​ និងអាយប៉ាក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×