Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីមាននារីមួយចំនួន ចេញមុខបង្ហាញអំពីផលិតផលសម្រស់ធារ៉ាធ្វើឱ្យប៉ះពាល់សុខភាពស្បែក ឥឡូវនារីម្នាក់ទៀត បញ្ជាក់ថា ប្រើផលិតផលសម្រស់ធារ៉ា ធ្វើឱ្យនាងខូចមុខ ឈឺស្បែកមុខឡើងយំ

ថ្មីៗនេះ នារីម្នាក់ទៀតហើយ បានចេញមកនិយាយបង្ហាញសាធារណជនថា នាងប្រើផលិតផលសម្រស់ធារ៉ា ដើម្បីលម្អផ្ទៃមុខ បែរជាធ្វើឱ្យមុខធ្លាក់ចុះកាន់តែយ៉ាប់ទៅវិញ ដោយសារតែផលិតផលនេះវាស៊ីផ្ទៃមុខធ្វើឱ្យបែកស្រកា របកកោសិកាស្បែកដូចចេញភ្លឺទាំងផ្ទាំងៗ, នារីរូបនេះបង្ហោះនៅក្នុង tik tok របស់នាងដោយនិយាយថា នាងមិនមែនចេះតែនិយាយបង្អាប់ផលិតផលរបស់អ្នកណានោះទេ ប៉ុន្តែសូមពិនិត្យមើលផ្ទៃមុខរបស់នាងចុះ គឺវាពិតជាខូចមុខដោយសារ នាងបានប្រើផលិតផលសម្រស់ធារ៉ានេះប្រាកដមែន។

នារីដែលរងផលប៉ះពាល់និយាយទៀតថា ផលិតផលសម្រស់ធារ៉ានេះ ប្រើដំបូងៗ ហាក់ដូចជាត្រូវអីអញ្ចឹង គឺមុខរលោងស្អាតរបស់គេមែន, ប៉ុន្តែនៅពេលដែលប្រើយូរបន្តិច ស្រាប់តែវាស៊ីកោសិកាផ្ទៃមុខតែម្ដង គឺរបកស្បែកមុខទាំងផ្ទាំងៗ ដូចចេញភ្លឺ ឡើងខ្លាញ់ និងរមាស់ ហើយឈឺលើស្បែកមុខទៀតផង ឈឺចាក់ស្កៀបពេញផ្ទៃមុខ និងឈឺខ្ទោកៗរហូតដល់ថ្នាក់ធ្វើឱ្យនាងដេកយំ, នាងអំពាវនាវដល់សាធារណជនថា អ្នកប្រើប្រាស់ផលិតផលសម្រស់ធារ៉ា ឈប់បានឈប់ទៅ… ប្រយ័ត្នខូចមុខដូចនាងខ្ញុំ។

ទាក់ទងករណីនេះ មានអ្នកចូលខុម្មិនថា មកពីសាច់មុខរបស់នាងប្រើមិនត្រូវខ្លួនឯង ដូច្នេះវាចេញបែបហ្នឹងហើយ, នារីដែលរងផលប៉ះពាល់ ឆ្លើយតបថា ហ្នឹងហើយ មកពីមុខនាងខ្ញុំប្រើមិនត្រូវមែន… ចឹងបានថា នាងខ្ញុំរបកមុខហ្នឹងណា៎, នាងរូបនេះ បញ្ជាក់ប្រាប់ថា បើនាងខ្ញុំប្រើផលិតផលសម្រស់ធារ៉ាមែន ឱ្យទៅថាម៉េច?!  ជាក់ស្ដែងណាស់ ពេលនេះផលិតផលសម្រាប់ធារ៉ា ពិតជាធ្វើឱ្យខូចស្បែកមុខនាងខ្ញុំមែន គឺរបកស្បែកមុខនាងខ្ញុំតែម្ដង។ ក៏មាននារីផ្សេងទៀត ចូលខុម្មិនថា ខ្ញុំក៏ប្រើផលិតផលសម្រស់ធារ៉ាដូចចែឯងដែរ ហើយឡើងរបកស្បែក រមាស់មុខ ឈឺមុខដូចថាឯងអញ្ចឹង ទាល់តែទៅជួបគ្រូពេទ្យ គេឱ្យថ្នាំមកលាបទើបបាត់វិញ។

គួររំលឹកថា កន្លងមក CEN ធ្លាប់បានផ្សាយពីសមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងផលិត ម្សៅ ឡេ កូរដោយដៃ និងប្រើម៉ាស៊ីនទឹកក្រឡុក របស់សម្រស់ធារ៉ានេះផងដែរនៅឯខេត្តស្វាយរៀង ពីបទ គ្មានបទដ្ឋានលិខិតគតិយុត្ត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ, ហើយជាបន្តបន្ទាប់ ក៏មានអតិថិជនមួយចំនួន ចេញមកបង្ហាញពីផលប៉ះពាល់ផងដែរដូចជា អ្នកខ្លះថា ប្រើម្សៅលាបមុខ ឡេលាបខ្លួនរបស់ក្រុមហ៊ុនសម្រស់ធារ៉ា បានកន្លះឆ្នាំ ស៊ីមុខកាន់តែស្ដើងទៅស្ដើងទៅ លុះពេលឈប់ប្រើ វាក៏ប្រតិកម្ម ឡើងសរសៃក្រហម ក្រហាយ និងរមាស់មុខ រមាស់ស្បែក, បារម្ភខ្លាំងពេក និងទ្រាំមិនបាន ក៏ទៅព្យាបាលមុខ និងស្បែកខ្លួនឡើងវិញ នៅឯគ្លីនិកអស់លុយមិនស្ទើរទេ, ខ្លះទៀតថា ដូចខ្ញុំណាស់ ពេលប្រើដំបូង មុខឡើងរលោង លុះពេលឈប់ប្រើ   ក៏ឡើងរមាស់មុខ ក្រហាយមុខខ្លាំងតែម្ដង។

គួរបញ្ជាក់ឡើងវិញថា កាលពីនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ (មានន័យថា កាលពីជាង១ឆ្នាំមុន) កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបផលិតផល ម្សៅ ឡេលាបមុខ ឡេលាបខ្លួន និងគ្រឿងសម្អាងផ្សេងៗ គ្មានច្បាប់អនុញ្ញាត និងគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ របស់ក្រុមហ៊ុន សម្រស់ធារ៉ានេះ នៅផ្ទះវីឡាគ្មានលេខមួយកន្លែង លើផ្លូវលំ ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ក្រោយមកប៉ុន្មានខែ គេបានផ្លាស់ប្ដូរទីតាំង ទៅដាក់នៅចំងាយប្រមាណ ៣០០ម៉ែត្រ ពីទីតាំងចាស់ ក៏ត្រូវសមត្ថកិច្ចតាមទៅតាមបិទបន្តទៀត។ 

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា កាលនោះ បានរកឃើញសកម្មភាពរបស់ក្រុមហ៊ុន សម្រស់ធារ៉ា នេះ ពិតជាគ្មានច្បាប់ទម្លាប់ និងបទដ្ឋាបច្ចេកទេសត្រឹមត្រូវមែន និងរកឃើញសារធាតុគីមី ៥យ៉ាង នៅក្នុងផលិតផល ដូចជា ÷

1-CHLORAMPHENICOL ,
2- TRANLACOL (ផ្សំឡើងពី DEXAMETHASON) ,
3- GENTRIDECME ,
4- CORTICO NON STIROITE ,
5- FLUCO-N ,

សារធាតុទាំងនេះ បំផ្លាញដល់សុខភាពស្បែក ធ្វើឱ្យខូចស្រទាប់កោសិកាក្នុងរយៈពេលវែង ៤ ទៅ ៥ឆ្នាំ ដូចជា ធ្វើឱ្យងាប់កោសិកាស្បែក រមាស់-រលាកស្បែក ដំបៅស្បែក មហារីស្បែក និងមហារីកខួរឆ្អឹងទៀតផង, ដូច្នេះ ផលិតផលនេះ គួរឱ្យខ្លាចខ្លាំងណាស់ និងជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋទូទៅ ហើយថ្មីៗនេះ ការបញ្ចេញមតិ-យោបល់ របស់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលសម្រស់ធារ៉ា បង្ហាញពីការរមាស់មុខ , របកស្បែកមុខ , ស៊ីស្ដើងស្បែកមុខ , ចេញសរសៃរវាមលើផ្ទៃមុខ , ចេញអាចម៍រុយលើមុខ , រមាស់រោលក្រហម… ។ល។ និង ។ល។ នេះគឺជាការស្ដែងចេញឲ្យឃើញដូចនឹងអ្វី ដែលសមត្ថកិច្ចជំនាញគេបានត្រួតពិនិត្យរកឃើញ៕ ពិសិដ្ឋ CEN

×