ភ្នំពេញ ៖ ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្ដម ប៉ូច សោភ័ណ សមាជិក អ.ដ.ក. អមដោយ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន និងលោកស្រី ជូ វិនាថ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនោះ ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ក្រោយមក ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះដោយសន្តិវិធី។
ចំពោះសំណុំរឿងវិវាទនេះ ដោយទទួលបានកិច្ចសហការល្អពីលោក ញ៉ែម សឿន មេឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងតាមការស្នើសុំពីគូភាគី បើទោះបីចំថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក អ.ដ.ក. បានចុះទៅដោះស្រាយបញ្ចប់វិវាទដល់មូលដ្ឋានរបស់គូភាគីដោយផ្ទាល់ និងប្រើប្រាស់ទីតាំងសាលាឃុំ ជាកន្លែងសម្រុះសម្រួលវិវាទ។
សូមគូសបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី