បុរសម្នាក់រស់នៅក្នុងទីក្រុង Shanghai ត្រូវបានកាត់ទោសប្រហារជីវិត នៅតុលាការប្រជាជនកណ្តាល Shanghai No. 2 កាលពីថ្ងៃពុធ (២២ សីហា) ក្នុងករណីសម្លាប់ប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្លួន និងលាក់ទុកសាកសពនាងនៅក្នុងទូទឹកកកអស់រយៈពេល ៣ ខែ ។ នេះបើតាមសេចក្តីរាយការណ៍របស់ China Daily ។
Zhu Xiaodong អាយុ ៣១ ឆ្នាំ ត្រូវបានផ្តន្ទាទោសពីបទច្របាច់.កប្រពន្ធរបស់ខ្លួនឈ្មោះ Yang Liping រហូតស្លាប់ ក្នុងអំឡុងកើតជម្លោះខ្លាំងក្លាមួយ នៅក្នុងខែតុលា ឆ្នាំ២០១៦ នៅឯផ្ទះរបស់ពួកគេស្ថិតក្នុងទីក្រុងសៀងហៃ ។
Daily Mail រាយការណ៍ឲ្យដឹងថា បន្ទាប់ពីសម្លាប់ Yang រួច Zhu បានរុំសាកសពរបស់នាងដាក់ចូលក្នុងភួយ និងលាក់ទុកនៅក្នុងទូរទឹកកក នៅយ៉ផ្ទះរបស់ពួកគេ អស់រយៈពេល ១០៥ ថ្ងៃ ។
យោងតាមតុលាការ ក្នុងរយៈពេល ៣ ខែ Zhu បានក្លែងធ្វើខ្លួនជាប្រពន្ធរបស់គាត់នៅលើបណ្តាញសង្គម ដោយបានឆ្លើយតបទៅនឹងសារពីគ្រួសាររបស់នាង និងមិត្តភក្តិ ។ គាត់ក៏បានចំណាយលុយរបស់ប្រពន្ធមិនសំចៃ សម្រាប់ការដើរលេង និងណាត់ជួបស្ត្រីដទៃ ។
តុលាការបញ្ជាក់ថា៖ «Zhu បានចំណាយលុយយ៉ាងខ្ជះខ្ជាយ ដោយគ្មានខ្វល់ខ្វាយអ្វីឡើយ និងពុំបង្ហាញសញ្ញាមានវិប្បដិសារនោះដែរ» ។
នៅទីបំផុត Zhu បានចូលខ្លួនដោយខ្លួនឯងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបានដឹងថា គាត់ពុំអាចលាក់បាំងការពិតនេះបានយូរតទៅទៀត ព្រោះថា ប្តីប្រពន្ធពួកគេ នឹងពុំអាចចៀសផុតពីការចូលរួមពិធីខួបកំណើតឪពុកក្មេករបស់គាត់នៅល្ងាចមួយនោះបានទេ ។ បើតាមប្រភពព័ត៌មានមួយបានបញ្ជាក់ដូចនឹងការចុះផ្សាយរបស់ South China Morning Post ឲ្យដឹងថា Zhu បានប៉ុនប៉ងធ្វើអត្តឃាតនៅថ្ងៃនោះ មុនពេលរូបគេត្រូវបានឡោមព័ទ្ធដោយប៉ូលីស ។
ការសម្លាប់មនុស្សដ៏គួរឲ្យភ័យខ្លាចនេះ បានធ្វើឲ្យមហាជនស្លុតរន្ទត់យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ទីកន្លែងដែលគ្រួសារ Yang បានជំរុញឲ្យតុលាការកាត់ទោសប្រហារជីវិតជាសាធារណៈ ។
ឪពុកជនរងគ្រោះលោក Yang Ganlian បាននិយាយថា៖ «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់មេធាវីរបស់ពួកយើង និងក៏ដូចប្រព័ន្ធផ្សព្វផ្សាយ, អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នករាល់គ្នា ដែលបានគាំទ្រពួកយើង» ។
គាត់បន្ថែមថា៖ «ខ្ញុំនឹងទៅកាន់ផ្នូរកូនស្រីរបស់ខ្ញុំ និងប្រាប់នាងអំពីលទ្ធផលនេះ» ។
ឥឡូវនេះ Zhu មានពេល ១០ ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសនេះ ៕ ឧត្តម (worldofbuzz)