ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអាជីវករនៅផ្សារបឹងឈូក ដែលរងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យកាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅកាន់បងប្អូនអាជីវករទាំងអស់នៅផ្សារបឹងឈូក។ ទន្ទឹមនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា “ទីណាមានទុក្ខ ទីនោះក៏មានសម្ដេចធិបតីនាយករដ្ឋមន្រ្តីជួយដោះស្រាយ”។ ជាក់ស្ដែង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវដំណោះស្រាយសំខាន់ៗចំនួន ៥ សម្រាប់អាជីវករផ្សារបឹងឈូកដែលរងផលប៉ះពាល់ ដែលរួមមាន (១)-សាងសង់ និងជួសជុលឡើងវិញនូវតូប រាន និងទីតាំងផ្សេងទៀតដែលរងផលប៉ះពាល់, (២)-រក្សាស្ថានភាពដើម ទាំងទំហំ ទីតាំង និងម្ចាស់តូប រាន ដូចមុនពេលកើតមានឧបទ្ទវហេតុអគ្គិភ័យ (៣)-ទទួលយកផ្សារបឹងឈូកមកគ្រប់គ្រងផ្ទាល់ដោយរដ្ឋ និងប្រគល់សិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផលមួយជីវិត ជូនដល់អាជីវករម្ចាស់ដើមដែលបានជួលផ្ទាល់ពីក្រុមហ៊ុនឯកជន (៤)-ប្រគល់សិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផលមួយជីវិតលើតូបណាមួយក្នុងផ្សារតូច ជូនដល់អាជីវករនីមួយៗដែលជាអ្នកជួលបន្ត និង (៥)-ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជីវករ ដើម្បីរៀបចំគណៈគ្រប់គ្រងផ្សារបឹងឈូក។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងក្រុមការងារថ្នាក់ជាតិ ដែលបានខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ទាំងក្នុងការពន្លត់អគ្គិភ័យ, ទាំងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងទាំងការអនុវត្តគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ដេីម្បីឱ្យបងប្អូនអាជីវករទាំងអស់ឆាប់បានប្រកបអាជីវកម្មជាធម្មតាឡើងវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី