Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យកងកម្លាំងនគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ នៅពេលមានបទល្មើសកើតឡើង

ព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលនៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការឯកភាពទាំងស្រុង និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្ដយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្ដឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ពិសេសបានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្ដរជាតិ និងបុណ្យជាតិធំៗ នាពេលកន្លងមកដោយទទួលបានជោគជ័យទាំងស្រុង១០០ភាគរយ។

ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ខេត្តព្រះសីហនុ ជាខេត្តមួយពោរពេញដោយសក្ដានុពលទាំងទេសចរណ៍ និងពាណិជ្ជកម្ម ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលនៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កងកម្លាំងនគរបាល ត្រូវបន្ដកិច្ចសហការឲ្យបានជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពួតដៃគ្នារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពោលការងារនេះមិនអាចធានាទៅបានឡើយ បើមិនមានកិច្ចសហការល្អពីស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាវុធហត្ថ និងស្ថាប័នតុលាការ។

ចំពោះបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងល្បែងអនឡាញវិញ ក៏ត្រូវតែបន្ដពង្រឹងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះបទល្មើសទាំងអស់នេះក៏ជះឥទ្ធិពលមិនល្អកេរ្ដិ៍ឈ្មោះរបស់កម្ពុជា ពិសេសខេត្តព្រះសីហនុតែម្ដង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសទាំងនេះឡើយ ពោលក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែធ្វើជាគំរូដល់ពលរដ្ឋ និងត្រូវតែស្អាតស្អំ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំបន្ថែមដល់កម្លាំងនគរបាលខេត្តព្រះសីហនុ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង គោរពបទបញ្ជាថ្នាក់ដឹកនាំ គោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ក្នុងមានទាំងការសុំច្បាប់ជាដើម។ ដោយឡែក មន្ដ្រីណាដែលបំពេញការងារបានល្អ ត្រូវតែទទួលបាននូវការលើកសរសើរ តាមរយៈការផ្ដល់តួនាទី និងតម្លើងឋានន្ដរស័ក្ដិ តែអនុវត្តខុសត្រូវទទួលពិន័យតាមក្រឹត្យក្រម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×