Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០២៤ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការរៀបចំនូវពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០២៤ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ។

«ពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០២៤» ត្រូវបានធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នាផ្សារទំនើបអ៊ីអន១ ដើម្បីទាក់ទាញប្រជាជនកម្ពុជាឱ្យធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនកាន់តែច្រើន ដោយមានការចូលពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា, លោក NAKASUGI Hajime នាយកប្រតិបត្តិនៃស្ថាប័នទេសចរណ៍ជាតិជប៉ុន ការិយាល័យបាងកក លោក KAWAKAMI Akio អ្នកគ្រប់គ្រងទូទៅ ផ្សារទំនើបAEON Mall Sen Sok City និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្តទេសចរ ទៅកាន់ប្រទេសជប៉ុន ដើម្បីទួលយកបទពិសោធន៍ដោយខ្លួនឯង ជាពិសេស បដិសណ្ឋារកិច្ចរបស់ជនជាតិជប៉ុន ដែលហៅថា «omotenashi» ដែលបង្កប់នូវសេចក្តីសប្បុរស ភាពគួរសមរបស់ប្រជាជនជប៉ុន។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ពិព័រណ៍ទេសចរណ៍ជប៉ុននៅកម្ពុជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៧ ជាព្រឹត្តិការណ៍មួយដែលផ្សព្វផ្សាយពីតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសជប៉ុនដើម្បីទាក់ទាញប្រជាជនកម្ពុជាឲ្យធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនកាន់តែច្រើន។ លោកពិតជាមានសេចក្តីរីករាយណាស់ ដែលអាចរៀបចំពិព័រណ៍ជាលើកទី៦ ក្នុងឆ្នាំនេះ ហើយមានភ្ញៀវចូលរួម យ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបន្ដថា ទោះបីជាលោកអ្នកបានទៅលេងជប៉ុនម្តងហើយក៏ដោយ ប៉ុន្តែជប៉ុនមាន៤ រដូវផ្សេងគ្នា ហើយមានភាពទាក់ទាញខុសគ្នាទាំងស្រុងនៅក្នុងរដូវកាលនីមួយៗ ដូច្នេះវាជាហេតុផលដ៏ល្អដើម្បីឲ្យលោកអ្នកទៅទស្សនាប្រទេសជប៉ុនម្តងទៀត។ ស្របពេលដែលចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសជប៉ុនមានការកើនឡើង បានធ្វើឲ្យទេសចរណ៍បែបដកបទពិសោធន៍ដែលអាចឲ្យលោកអ្នករីករាយនិងធម្មជាតិ ដែលទាញអត្ថប្រយោជន៍ពីលក្ខណៈពិសេសនៃតំបន់នីមួយៗ កាន់តែមានប្រជាប្រិយភាព រួមមានការជិះស្គីនៅលើព្រិលដែលមានគុណភាពខ្ពស់របស់ប្រទេសជប៉ុន និងការឡើងភ្នំ Fuji ជាដើម។ តាមរយៈទេសចរណ៍ទាំងនេះ ហើយសន្យាថាលោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាននៅក្នុងប្រទេសជប៉ុន។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបន្ដទៀតថាយើងក៏បានរៀបកន្លែងសម្រាប់អ្នកចូលរួមអាចសាកល្បងស្លៀកសំលៀកបំពាក់ប្រពៃណីជប៉ុនហៅថា យូកាតា «គីម៉ូណូសម្រាប់រដូវក្តៅ» ដូច្នេះលោកអ្នកអាចទទួលបានបទពិសោធន៍មួយផ្នែគនៃវប្បធម៌ជប៉ុន នៅទីនេះក្នុងទីក្រុងភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃថាការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងជា ច្រើន របស់ក្រសួងទេសចរណ៍ ដោយមានកិច្ចសហការល្អជាមួយអន្តរក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ ស្ថានឯកអគ្គរាជទូត/ស្ថានឯករដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ស្ថានឯកអគ្គរាជទូត កម្ពុជា/ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស ដៃគូអភិវឌ្ឍ ជាពិសេសការចូលរួមដ៏សំខាន់របស់ វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក បានជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យមានការរីក ចម្រើនគួរជាទីកត់សម្គាល់។ ជាក់ស្តែង សម្រាប់រយៈពេល ១០ខែដើមឆ្នាំ២០២៤ កម្ពុជាទទួល បានទេសចរអន្តរជាតិ ចំនួនប្រមាណ ៥លាន ៣៧ម៉ឺន នាក់ កើនឡើង ២២%, ក្នុងនោះភ្ញៀវ ទេសចរជប៉ុន មានចំនួនជិត ៩ម៉ឺន នាក់, កើនឡើង ៣៤,៦% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្ដី បានជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៌ទេសចរណ៍ជប៉ុនលើកទី៦ នាពេលនេះ យើងនឹងអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជប៉ុន ដែលនឹងចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍/ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ជប៉ុន ពិសេសបង្ហាញពីការយកចិត្ត ទុកដាក់ជាអាទិភាពយ៉ាងសំខាន់នៃប្រភពទីផ្សារកម្ពុជាសម្រាប់វិស័យទេសចរណ៍ជប៉ុន។

ជាថ្មីម្ដងទៀត ឯកឧត្តមមន្ដ្រី ហួត ហាក់ ក៏សូមឱ្យចំណងសាមគ្គីភាព មិត្តភាព ភាពជាដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា ជប៉ុន កាន់តែរឹងមាំ រីកចម្រើន មានវិបុលភាព និងស្ថិតស្ថេរជាអមតៈ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×