ភ្នំពេញ ៖ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដោយបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹក និងថ្នាក់ដឹកនាំកម្ពុជាមក ពេលនេះនាវាចម្បាំងរបស់សហរដ្ឋអាមេរិកឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 បានចាកចេញពីកំពង់ផែកម្ពុជាហើយ។
នាវាចម្បាំងរបស់សហរដ្ឋអាមេរិកឈ្មោះ យូអេសអេស សាវាណាហ៍ (USS Savannah) ឬLCS 28 បានចាកចេញពីកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែធ្នូ ដោយបញ្ចប់ទស្សនកិច្ចលើកដំបូងនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៨ ឆ្នាំមកនេះ ដោយមានមន្ត្រីជាន់ខ្ពស់របស់កងនាវិកកម្ពុជា ជាច្រើនរូបបានជូនដំណើរ។
មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកឧត្ដមនាវី ស៊ែមញូល ផាផារ៉ូ (Samuel J. Paparo) បានដើរពិនិត្យមើលនាវា នៅក្នុងកំពង់ផែ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ឱ្យដឹងនៅលើទំព័រហ្វេសប៊ុក(Facebook) កាលពីថ្ងៃទី២០ ខែធ្នូថា ” ដោយបញ្ចប់ទស្សនកិច្ចលើកដំបូងនៃនាវានៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៨ ឆ្នាំមកនេះ។ លោក ឧត្តមនាវី Samuel J. Paparo មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានដើរពិនិត្យមើលនាវា នៅក្នុងកំពង់ផែ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុ។
លោកឧត្តមនាវី Paparo បានមានប្រសាសន៍ថា៖ “ទស្សនកិច្ចរបស់យើងនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងភាពជាដៃគូដែលកំពុងចម្រើនឡើង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ភាពជាដៃគូនេះបានចាប់ផ្តើមឡើង កាលពីជិត ៧៥ ឆ្នាំមុន ជាមួយនឹងការចាប់ផ្តើមនៃទំនាក់ទំនង ហើយបង្ហាញឲ្យឃើញចំណងមិត្តភាពយូរអង្វែង រវាងប្រទេសយើងទាំងពីរ។ ថ្ងៃនេះ យើងបន្តធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ និងលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់”។
នៅកំពង់ផែ លោកវរនាវីឯក Dan Sledz មេបញ្ជាការនាវា Savannah បានជួបជាមួយអភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត និងបញ្ជាការកងទ័ពជើងទឹករាម។ នាវិកនៅលើនាវាប្រយុទ្ធចំណាត់ថ្នាក់ Independence នេះ ថែមទាំងបានលេងកីឡាបាល់ទះជាមិត្តភាព ជាមួយសមភាគីកម្ពុជាផងដែរ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី