Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីសិប្បកម្ម ចម្លាក់ប្រាក់ស្ពាន់តាមខ្នងផ្ទះ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ជាង ២០០នាក់ នៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរចម្លាក់ប្រាក់ស្ពាន់ ឯកឧត្តម គួច ចំរើន បានបញ្ចាក់ថា ការចុះមកពិនិត្យដល់ទីតាំងផលិតចម្លាក់ប្រាក់ស្ពាន់នាពេលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក ជីវភាពរស់នៅ ការលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរផលិតចម្លាក់ប្រាក់ស្ពាន់ សំដៅជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់របស់ខេត្តឲ្យកាន់តែរីកចម្រើន មានទីផ្សារ រក្សាបានវប្បធម៌កេរដំណែលពីដូនតាកុំឲ្យបាត់បង់ និងដោះស្រាយទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងមានសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលបានមកដល់ភូមិនេះ ឃើញអ្នកភូមិមានភាពឧស្សាហ៍ព្យាយាមអត់ធ្មត់ ចេះយកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ខិតខំបង្កើតវត្ថុផ្សេងៗដែលធ្វើឡើងអំពីប្រាក់ស្ពាន់ និងលោហៈធាតុដទៃទៀត ដោយប្រើដៃបានយ៉ាងស្ទាត់ជំនាញ ប្រកបទៅដោយក្បាច់រចនាដ៏ស្រស់ស្អាត ទុកសម្រាប់លក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនដែលប្រកបរបរចម្លាក់ប្រាក់ស្ពាន់ទាំងអស់ សូមចូលរួមជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដើម្បីទទួលបានទីផ្សាកាន់តែទូលំទូលាយ ស្នាដៃផលិតកាន់តែមានគុណភាពខ្ពស់ មានក្បួនខ្នាតត្រឹមត្រូវ មានរចនាបទថ្មីៗស្របទៅតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល បានកាន់តែបានប្រសើរថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរៀបចំឲ្យមានការប្រឡងយកស្នាដៃចំលាក់ប្រាក់ស្ពាន់ ដើម្បីជ្រើសរើសរកស្នាដៃដែលលេចធ្លោជាងគេ ត្រឹមត្រូវស្របទៅតាមក្បួនខ្នាតបុរាណខ្មែរ ហើយរដ្ឋបាលខេត្តនឹងចេញវិញ្ញាបណ្ណប័ត្រទទួលស្គាល់ស្នាដៃនោះ។ ជាពិសេសរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពរបស់ខេត្តទាំងអស់ នឹងយកចម្លាក់ស្ពាន់ក្នុងភូមិកោះចិននេះ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់ឲ្យកាន់តែទូលំទូលាយ និងមានការរីកចម្រើនឡើងថែមមួយកំរិតទៀត។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរចម្លាក់ប្រាក់ស្ពាន់ ក៏ដូចជាប្រជាពលរដ្ឋទូទៅសូមអញ្ជើញទៅធ្វើបានប័ណ្ណ ប.ស.ស ឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដូចជាទទួលបានសេវាសុខភាពមិនអស់ប្រាក់ និងទទួលបានប្រាក់និវត្តន៍នៅពេលវ័យចាស់ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×