Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលចិន តែងតែជួយគាំទ្រដល់កម្ពុជា និងជាដៃគូសហការយ៉ាងស្អិតល្មួត ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ការគាំទ្រលើសេវាទឹកស្អាត និងអនាម័យ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមអគ្គរដ្ឋទូត និងសហការី អំពីគុណបំណាច់នៃកត្តា “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស ព្រមទាំងដំណើរការ និងសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីចក្ខុវិស័យ និងទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយទីជនបទឱ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងប្រជាជនជនបទមានសុខភាពល្អ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ និងកាត់បន្ថយគម្លាតសង្គម តាមរយៈការកំណត់យកចក្ខុវិស័យ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” និងបានបន្តដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមាន៖ (ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, (ទី២) ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង(ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជា និងជាដៃគូសហការយ៉ាងស្អិតល្មួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ការគាំទ្រលើសេវាទឹកស្អាត និងអនាម័យផងដែរ។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយទៀតដែលក្រសួងកំពុងយកចិត្តទុកដាក់ និងអនុវត្តនោះគឺការរៀបចំភូមិគំរូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានថ្លែងដោយមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង
អភិវឌ្ឍន៍ជនបទកម្ពុជា។​ ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងដើម្បីជួយកម្ពុជាជីកអណ្តូងនិងស្រះទឹកជិត២០០០ និងសាងសង់ផ្លូវដែលមានប្រវែងជាង១៥០គីឡូម៉ែត្រក្នុងតំបន់ជនបទ។ ភាគីចិននឹងបន្តជួយភាគីកម្ពុជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ជនបទ។

ឯកឧត្តម Wang Wenbin បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទឱ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈចំណងមិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា ភាគីចិត្តនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាផងដែរ។ ជាចុងក្រោយ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលអនុញ្ញាតជូនឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×