Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចផ្តន្ទាទោស លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ចំនួន២ឆ្នាំ និងដកសិទ្ធមិនឱ្យបោះឆ្នោត និងមិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតជាអចិន្ត្រៃយ៍

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះលោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងមានលោក សេង ហៀង ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោស លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ(NPP) ដាក់ពន្ធនាគារកំណត់២ឆ្នាំពិន័យ(៤លានរៀល) ។

សាលក្រមដដែលក៏បានប្រកាសសម្រេចដកសិទ្ធពលរដ្ឋពីលោក ស៊ុន ចន្ធី មិនឱ្យបោះឆ្នោត និងមិនឲ្យឈរឈ្មោះឱ្យគេបោះឆ្នោត ជាអចិន្ត្រៃយ៍ផងដែរ ។

សូមរំលឹកថា លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ពេលចុះពីលើយន្តហោះ ក្រោយបង្ហោះតាមបណ្តាញសង្គម នាំឲ្យពលរដ្ឋយល់ច្រឡំ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គម។

ការចាប់ខ្លួននេះជាការអនុវត្ត តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គល រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយ ការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។ ដូច្នេះ ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេសគឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា ការចាប់ខ្លួនដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ដែល ប្រព្រឹត្តបទល្មើស គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ ហើយការអនុវត្តច្បាប់នេះត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយ ស្មើភាពគ្នា ដោយមិនមានបុគ្គលណាម្នាក់អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស, អង្គការសង្គមស៊ីវិល ឬគណបក្ស នយោបាយណាមួយ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌដែលខ្លួនបាន ប្រព្រឹត្តនោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ បុគ្គលគ្រប់រូបមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ក្នុងការការពារខ្លួន តាមផ្លូវតុលាការ ដោយរួមទាំងសិទ្ធិក្នុងការពឹងពាក់មេធាវី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×