ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តឲ្យបានម៉ឺងមាត់ម៉ត់ចត់ ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៦ធ្នូ ២០២៤នៅសាលារាជធានីភ្នំពេញឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ត្រូវយកចិត្តដាក់ឲ្យិបាន ម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឲ្យិក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។
ការលើកឡើងរបស់ឯកឧត្តមឃួង ស្រេង ស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើង ហាក់កំរើកឡើងវិញ ក្នុងរយៈពេលថ្មីៗនេះតាមមូលដ្ឋាន។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយតាមខណ្ឌ ដោយមានអភិបាលរងខណ្ឌម្នាក់ ដឹកនាំនិងមានអធិការរងនគរបាលម្នាក់ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ដោយក្នុងខណ្ឌនិមួយៗមានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើលឲ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ ។ ជាមួយគ្នានេះយើងត្រូវធ្វើឲ្យដល់ឬសគល់ នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសង តាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់ ជាដើម ។
ជាមួយគ្នានេះដែរ អាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុក នៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ ឪ្យបានប្រទាក់ក្រឡាគ្នា ទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ ឲ្យបាន។ ត្រូវរៀបចំប្រចាំបញ្ជាដោយមានកងកម្លាំង នៅជាមួយមានបញ្ហាត្រូវមានមុខជានិច្ច។ ទប់ស្កាត់ក្មេងទំនើងឱ្យបានដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះ។
ក្នុងនោះឯកឧត្តមអភិបាល ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌ ត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូអ្នកគ្រូ ដើម្បីអាជ្ញាធរយើងចូល ទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលយកម៉ូតូមកផ្ញើបើមានការសង្ស័យ ចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំង រដ្ឋនិងឯកជន។ យើងអនុវត្តការទប់ស្កាត់បទល្មើសនានា គឺយើងត្រូវធ្វើជាប្រចាំឥតឈប់ទេ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយឡែកចំពោះករណី មុខសញ្ញាមិនទាន់មានសកម្មភាព ក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន ។
ក្នុងឱកាសនោះ ឯកឧត្កម ឃួង ស្រេង ក៏បានធ្វើការកោតសរសើរ ចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍ រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ទាំងសាលារៀនរដ្ឋ ឬឯកជននោះទេ ។ ឯកឧត្ដមឃួង ស្រេង បានជំរុញបន្ថែមលើប្រសាសន៍សម្តេចធិបតី លើកឡើង ដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌ ត្រូវដាក់កម្លាំងអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើង។
ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់នូវវិធានការមួយចំនួន ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយដែល គ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេរ ជាពិសេសអាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់” ។ យកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៥ខាងមុខ។ ត្រូវប្រើយន្តការសង្កាត់ភូមិ មើលថែបង្គោលភ្លើងសាធារណៈខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើងដូចនៅខណ្ឌមានជ័យបន្តទៀត។
ឯកឧត្ដមអភិបាលចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ក៏ត្រូវកំណត់ឲ្យបានច្បាស់លាស់ ដាក់ក្នុងកំរិតណាទីតាំងណាទំហំប៉ុណ្ណា និងត្រូវមានច្បាប់ត្រឹមត្រូវ។ ជាមួយគ្នានេះ ត្រូវចលនាប្រជាពលរដ្ឋឲ្យមានការចូលរួមអបអរសាទរកម្ពុជា និងទិវាសន្តិភាពនៃកម្ពុជា ក្នុងនោះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ពិធីនាថ្ងៃទី២៩ធ្នូខាងមុខ ជាបញ្ហាចាំបាច់បំផុតឲ្យកាន់តែបានល្អប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី