Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ស ថេត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពិសោធន៍ DNA ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការធ្វើកោសល្យវិច្ច័យ បម្រើឲ្យការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស

រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា មន្ទីរពិសោធន៍ DNA នេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»។

មន្ទីរពិសោធន៍ DNA នេះមានតួនាទីយ៉ាងសំខាន់ ដែលជួយដល់ការងារជាច្រើនដូចជា៖ ជួយកំណត់ ឬបញ្ជាក់អត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះ, បញ្ជាក់ការទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ, ជួយកំណត់ការទំនាក់ទំនងសាច់ញាតិ ឬឪពុកម្តាយបង្កើត, ជួយពន្លឿនក្នុងការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ, កំណត់ភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រសម្រាប់វិស័យយុត្តិធម៌, ជួយសម្រួលក្នុងការកាត់បន្ថយការចោទប្រកាន់ដែលគ្មានភស្តុតាងដាក់បន្ទុក និងជួយសម្រួលដល់ការសម្រេចសេចក្ដីរបស់ស្ថាប័នតុលាការជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងស្នើឲ្យមានការគាំទ្របន្តទៀតពីសំណាក់មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការធ្វើកោសល្យវិច្ច័យ បម្រើឲ្យការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។ ចំពោះនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំនូវកិច្ចការ សំខាន់ៗមួយចំនួន ដូចខាងក្រោម៖១៖ បន្តចុះត្រួតពិនិត្យការអនុវត្តការងារជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រៀងរាល់៦ខែម្តង,​​២៖ បន្តបណ្តុះបណ្តាលជំនាញ DNA ដល់មន្ត្រីជំនាញនៃនាយកដ្ឋាន និងមន្ត្រីនៃស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ស្របតាមកម្មវិធីរបស់នាយកដ្ឋាន ឬតាមសំណើ សំណូមពរ របស់ស្នងការដ្ឋាន, ៣៖ បន្តការសហការជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» រៀបចំកម្មវិធីបណ្តុះបណ្តាលមុខជំនាញ DNA និងអភិវឌ្ឍមន្ទីរពិសោធន៍ DNA របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាន់តែរីកចម្រើនឡើងថែមទៀត, ៤៖ រៀបចំកសាងឃ្លាំងផ្ទុកទិន្នន័យ DNA (DNA Database) ឲ្យបានស្របតាមនិយាម និងត្រូវធានាឲ្យបាននូវសុវត្ថិភាពក្នុងការរក្សាទុកទិន្នន័យ DNA, ៥៖ រួមគ្នាថែរក្សាមន្ទីរពិសោធន៍ DNA និងឧបករណ៍ សម្ភារជំនាញ ឲ្យបានគត់មត់ ទុកជាឧត្តមប្រយោជន៍ បម្រើការងារកោសល្យវិច្ច័យ និង៦៖ ត្រូវចូលរួមសហការគ្រប់ករណីបទល្មើសព្រហ្មទណ្ឌ ដើម្បីប្រមូលភស្តុតាង កំណត់ អត្តសញ្ញាណជនសង្ស័យ បម្រើឲ្យការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបឲ្យដល់ឫសគល់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×