ភ្នំពេញ ៖ បង្ក្រាបករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ជនសង្ស័យម្នាក់ បានប្រើកាំបិតប៉័ងតោកាប់មន្ត្រីនគរបាល បណ្តាលឲ្យរបួស នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៨ ម៉ោង ១ កណ្តាលអធ្រាត្រ។
នគរបាលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ដុង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នគរបាលប៉ុស្តិ៍ព្រែកឯង ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ សរ មករា ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មករដឹកបន្លែ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
នៅពេលកើតហេតុការណ៍ ជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ជាមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯង បានល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតខាងលើ ក៏ឃើញជនសង្ស័យកំពុង ឈរជិតម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FU-៥៥៤០ ពេលនោះជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ក៏ធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់ថង់តូច អាវុធខ្លីជ័រ១ដើម និង កាំបិតប៉័ងតោ១ កូនកន្ត្រៃ១ ដែកកេះ២ ទូរស័ព្ទដៃ ម៉ាកណូគារ ១គ្រឿង និងដង្កាប់១ ដែលជនសង្ស័យ លាក់ទុកនៅ ក្នុងការបូបស្ពាយក្រោយពណ៌ប្រផេះ ភ្លាមនោះជនសង្ស័យ ក៏ឆក់យកកាំបិតប៉័ងតោកាប់ទៅលើជនរង គ្រោះចំកដៃខាង ស្តាំរងរបួស រួចជនរងគ្រោះ និងឈ្មោះ ខាន់ កុម្ភៈ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមក នគរបាលប៉ុស្តិ៍ព្រែកឯង តែម្តង។
នគរបាលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “បងប្អូននគរបាលប្រឆាំងគ្រឿងញៀន ទាំងអស់ ។ សូមប្រុងប្រយត្នឲ្យបានខ្ពស់បំផុត ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន (ជនសង្ស័យតែងតែមានអាវុធ ដូចជា ដាវ កាំបិត អាវុធខ្លីជាដើម) បើខ្វះការប្រុងប្រយ័ត្ន អាចមានគ្រោះថ្នាក់ដល់ខ្លួន។ ត្រូវប្រកាន់ជាប់ ជំនាញ ពេលចូលជិត និងគ្រៀកជនសង្ស័យដែលពាក់ព័ន្ធគ្រឿងញៀន។ បទល្មើសគ្រឿងញៀន មានចរិកលក្ខណៈសាហាវពេលខ្លះ ដូចជាករណីនេះ មន្ត្រីនគរបាលយើងម្នាក់ រងគ្រោះថ្នាក់ ដោយសារជនសង្ស័យ វាយប្រហារសង្គ្រប់មកលើ”៕ ដោយ ៖ បញ្ញាស័ក្តិ