Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់យន្តហោះទៀតហើយ! យន្តហោះធុនស្រាលប្រេស៊ីល រអិលចេញពីផ្លូវរត់បុករបងព្រលាន ផ្ទុះឆេះដ៏រន្ថ.ត់

គេហទំព័រ Daily Mail បានរាយការណ៍ពីឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់មួយ នៅពេលដែលយន្តហោះឯកជនតូចមួយម៉ូដែល Cessna 545 បានរអិលចេញពីផ្លូវរត់ ខណៈព្យាយាមចុះចតនៅអាកាសយានដ្ឋាន Ubatuba ទីក្រុងឆ្នេរសមុទ្រក្នុងរដ្ឋ Sao Paulo ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ហើយបានផ្ទុះនៅលើឆ្នេរ​សមុទ្រ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០២៥។

វីដេអូនៃឧបទ្ទវហេតុនេះ ត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីយន្តហោះធុនតូចនោះ បានរអិលចេញពីផ្លូវរត់ក្នុងល្បឿនលឿន ទាំងភ្លៀងធ្លាក់ ហើយជ្រុលទៅបុករបងព្រលានយន្តហោះ ផ្ទុះឆេះអណ្តាតភ្លើងសន្ធោសន្ធៅតែម្តង មុនពេលយន្តហោះមកឈប់នៅលើឆ្នេរ។ ហេតុការណ៍ទាំងមូលបានកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

សេចក្តីរាយការណ៍បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ។ អ្នកបើកយន្តហោះមានឈ្មោះ Paulo Segetto បានជាប់នៅក្នុងបំណែកយន្តហោះ មុនពេលត្រូវបានទាញចេញ ប៉ុន្តែត្រូវបានប្រកាសថាបានស្លាប់នៅកន្លែងកើតហេតុ។ អ្នក​ដំណើរ​ចំនួន ៤​នាក់ ​បាន​រួច​ជីវិត ដោយ​មាន​អ្នក​រង​របួស ២​នាក់ ស្ត្រី​ម្នាក់ និង​កុមារ​ម្នាក់។ មនុស្ស​បី​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ នៅ​ពេល​ដែល​ហេតុការណ៍​បាន​កើត​ឡើង។ ជនរងគ្រោះទាំងអស់​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​យក​ទៅ​មន្ទីរពេទ្យជាបន្ទាន់ផងដែរ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលជាតិ (ANAC) បាននិយាយថា យន្តហោះនេះត្រូវបានផលិតដោយក្រុមហ៊ុន Cessna Aircraft និងបានចុះបញ្ជីសម្រាប់សេវាកម្មអាកាសចរណ៍ឯកជន។ វាបានហោះចេញពីអាកាសយានដ្ឋាន Mineros ក្នុងរដ្ឋ Goias កណ្តាលប្រទេសប្រេស៊ីល នៅថ្ងៃកើតហេតុ។ នៅពេលយន្តហោះនេះចុះចតនៅអាកាសយានដ្ឋាន Ubatuba ក៏បានជួបប្រទះនឹងលក្ខខណ្ឌអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ខ្លាំង ហើយបានរអិលចេញពីផ្លូវរត់។

យោងតាមព័ត៌មានរបស់អាកាសចរណ៍ (AIP) បានឲ្យដឹងថា អាកាសយានដ្ឋាន Ubatuba មានផ្លូវរត់តែមួយគត់គឺ Runway 09 ដែលមានប្រវែងសរុប ៩៤០ ម៉ែត្រ។ ៣៨០ ម៉ែត្រដំបូងត្រូវបានបិទសម្រាប់យន្តហោះ។ ខណៈចម្ងាយពីចុងផ្លូវរត់ទៅរបងព្រលានយន្តហោះគឺ ១៣៥ ម៉ែត្រ។

កងកម្លាំងអាកាសប្រេស៊ីល (FAB) បានប្រមូលផ្តុំក្រុមអ្នកស៊ើបអង្កេត មកពីអង្គភាពស៊ើបអង្កេត និងបង្ការគ្រោះថ្នាក់អាកាសចរណ៍ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុ ប្រមូលព័ត៌មាន វាយតម្លៃការខូចខាត និងកំណត់មូលហេតុនៃឧបទ្ទវហេតុនេះ ដែលនឹងត្រូវបានបង្ហាញ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងម៉ត់ចត់៕

×