Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើងសារភាពថា បុគ្គលម្នាក់ជួលធ្វើឃាតលោក លឹម គឹមយ៉ា ៦ ម៉ឺនបាត តែបដិសេធមិនបង្ហាញមេខ្លោងនៅពីក្រោយ ព្រោះបារម្ភសុវត្ថិភាពគ្រួសារ

កាសែត Bankok Post នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានចុះផ្សាយថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់អតីតសមាជិកសភាបក្សប្រឆាំងកម្ពុជា នៅ ក្នុងសង្កាត់ Phra Nakhon នៃទីក្រុងបាងកក កាលពីសប្តាហ៍មុន បានបដិសេធមិនបង្ហាញមេក្លោងនៅពីក្រោយ នៃការធ្វើឃាតនេះទេ ដោយបារម្ភពីសុវត្ថិភាពគ្រួសាររបស់គាត់ នេះបើយោងតាមប៉ូលីស។

ឧត្តមសេនីយ៍ទោ Atthaporn Wongsiripreeda មេបញ្ជាការកងពលធំទី១ នៃស្នងការដ្ឋាននគរបាលជាតិថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Ekkalak Pheanoi ត្រូវបានសាកសួររហូតដល់ម៉ោងប្រហែល១០យប់ថ្ងៃសៅរ៍។ អតីតទាហានជើងទឹកអាយុ ៤២ ឆ្នាំរូបនេះ ​បាន​សារភាព​ថា​ ខ្លួន​ពិតជាបាន​បាញ់សម្លាប់លោក លឹម គឹមយ៉ា ប៉ុន្តែ​បដិសេធ​មិន​ស្គាល់​អត្តសញ្ញាណ​មេក្លោងនៅពីក្រោយទេ។

លោក Atthaporn បាននិយាយថា “ជននេះបានបដិសេធមិនផ្តល់ព័ត៌មានស៊ីជម្រៅ… ដោយខ្លាចថាព័ត៌មានបែបនេះនឹងប៉ះពាល់ដល់គណបក្សមួយចំនួន ហើយគាត់​មិន​ចង់​បង្ក​បញ្ហា​ដល់​គ្រួសារ​គាត់ និង​អ្នក​ដទៃ​ដែល​នៅ​ជិត​គាត់​ទេ”។

ដោយឡែក បើយោងតាមការចុះផ្សាយរបស់កាសែត The Nation លោក Atthaporn បាន​និយាយ​ថា ក្នុង​អំឡុង​ពេល​សួរ​ចម្លើយ​ដំបូង ជនសង្ស័យ អេកាឡាក់ បាន​ទទូច​ថា លោក​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​អ្វី​ទេ ដោយ​បាន​និយាយ​ថា គាត់​ធ្វើ​វា​ដើម្បីជាការតបស្នងដល់បុគ្គលម្នាក់ ព្រោះ​ពេល​គាត់​មាន​បញ្ហា​ បន្ទាប់​ពី​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ការងារ គឺបានបុគ្គលមានគុណម្នាក់នោះ​ ជាអ្នក​ជួយ​គាត់​ផ្នែក​ហិរញ្ញវត្ថុ។

លោក Atthaporn បាន​ថ្លែង​ថា នៅពេលដែលអ្នកមានគុណសុំការអនុគ្រោះមួយនេះ អេកាឡាក់ បាននិយាយថា គាត់ស្ទាក់ស្ទើរមួយរយៈសិន មុននឹងយល់ព្រមធ្វើ ដើម្បីតបស្នងនូវសេចក្តីសប្បុរសពីអតីតកាល។

ទីបំផុត Ekkalak បានទទួលយកការងារនេះក្នុងតម្លៃ ៦ ម៉ឺន បាត ជាមួយនឹងការទូទាត់ដំបូងចំនួន ៣ម៉ឺន បាត។ គាត់​បាន​ប្រើ​ប្រាស់ប្រាក់​​នេះ ដោយដកអស់ចំនួន 2000 បាត ដើម្បី​លោះ​កាំភ្លើង​ដែល​ដាក់​បញ្ចាំ។

ការ​សម្រេច​ចិត្ត​ទទួល​យក​ការងារ​នេះ ​បាន​ធ្វើ​ឱ្យ​គាត់​ចំណាយ​ពេល​ប្រហែល ២៤ ម៉ោង ខណៈ​ដែល​ដំបូង​គាត់​បាន​បដិសេធ។ ប៉ុន្តែ​ត្រូវ​បាន​​បញ្ចុះបញ្ចូល ​ដោយសារតែអ្នកមានគុណបាន​ទូរស័ព្ទ​ម្ដង​ហើយ​ម្ដង​ទៀត។ ហើយការអះអាងនេះ​ ស្រប​នឹង​ភស្តុតាង​ដែល​រក​ឃើញ​នៅ​លើ​ទូរសព្ទ​ដៃ​របស់​គាត់។ តែទោះ​បី​ជា​យ៉ាង​ណា ​ប៉ូលិស​មិន​បាន​បង្ហាញ​ថា​ តើ​អ្នក​មាន​គុណ​នោះ​ជា​ជនជាតិ​ថៃ ​ឬជនជាតិខ្មែរនោះទេ។

ប៉ូលីសបាននិយាយថា វាដូចជាលឿនពេកហើយក្នុងការនិយាយថា តើ អ្នកមានគុណ របស់ជនសង្ស័យ នឹងក្លាយជាមេខ្លោងនៅពីក្រោយ នាពេលខាងមុខនេះ។

លោក ​Atthaporn បាន​បន្ត​ថា ការ​ស៊ើប​អង្កេត និង​វិភាគ​ឲ្យ​បាន​ហ្មត់ចត់ រួម​នឹង​ភ័ស្តុតាង គឺ​លើស​ពី​ការ​បញ្ជាក់​របស់​ជន​សង្ស័យ។

ក្នុង​ពេល​សាកសួរ ជនសង្ស័យ អេកាឡាក់ បាន​បង្ហើប​ថា គាត់​មិន​ធ្លាប់​ធ្វើ​ដំណើរ​មក​កម្ពុជា​ទេ។ ពេលកំពុងបំពេញបេសកកម្ម គាត់បានទាក់ទងជាមួយបុគ្គលម្នាក់តាមរយៈសារជជែក ដើម្បីទទួលបានការណែនាំអំពីទីកន្លែង និងរបៀបបន្តធ្វើការងារនេះ។ ការជជែកទាំងនោះធ្វើឡើងតាមរយៈកម្មវិធី Line គឺនៅជាមួយនរណាម្នាក់ដែល Ekkalak អះអាងថា មិនស្គាល់ដោយផ្ទាល់ទេ។

ការពិនិត្យលើទូរស័ព្ទរបស់ជនសង្ស័យ បានបង្ហាញថា អ្នកចេញការណែនាំ បានផ្ញើរូបថត និងព័ត៌មានលម្អិត អំពីគោលដៅ រួមទាំងព័ត៌មានថ្មីៗ អំពីទីតាំងរបស់លោក លឹម គឹមយ៉ា ផងដែរ។

ក្នុងអំឡុងពេលនៃការរត់គេចខ្លួនរបស់ អេកាឡាក់ មកប្រទេសកម្ពុជា បុគ្គលនេះបន្តផ្តល់ការណែនាំតាមរយៈសារ Line ដោយដឹកយកគាត់ទៅកាន់ទីតាំងជាក់លាក់មួយ។

មេបញ្ជាការផ្នែកប៉ូលិសក្រុងបាងកកម្នាក់ បាននិយាយថា កាលពីថ្ងៃសៅរ៍ លោក Ekkalak បានបដិសេធមិនជួបសាច់ញាតិរបស់គាត់ រួមទាំងម្តាយរបស់គាត់ផងដែរ ដែលបានមកមើល។ គាត់បានប្រាប់ម្តាយរបស់គាត់តាមទូរស័ព្ទថា គាត់ចង់ទទួលការដាក់ទោសនៅក្នុងពន្ធនាគារ។

លោក Ekkalak ក៏បដិសេធមិនបញ្ចេញអត្តសញ្ញាណបុគ្គលដែលរៀបចំធ្វើឃាតនេះដែរ។ គាត់​ក៏​មិន​ចង់​ធ្វើ​បទ​ល្មើស​នេះឡើង​វិញ និងក៏មិន​សុំ​នៅ​ក្រៅ​ឃុំ​ដែរ។

គួររម្លឹកថាលោក លឹម គឹមយ៉ា អាយុ ៧៣ ឆ្នាំ បានមកដល់ទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីធ្វើដំណើរតាមរថយន្តក្រុងពីខេត្តសៀមរាប ប្រទេសកម្ពុជា។ គាត់​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​រង់ចាំ​បាញ់​សម្លាប់​នៅ​ចំពោះ​មុខ​ប្រពន្ធ និង​បង​ប្រុស​របស់​គាត់តែម្តង៕

×