Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក្រុងពលីជួសជុលចេតិយព្រះបាទចន្ទរាជា នៅលើភ្នំព្រះរាជទ្រព្យ

កណ្តាល ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា នាវេលាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង​ ឯកឧត្តមបណ្ឌិត​ ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង​និងលោកជំទាវ​​ យី សុភា បានរៀបចំពិធីប្រុងពលីបើកការដ្ឋានជួសជុលចេតិយព្រះបាទចន្ទរាជា នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដែលកំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមបាក់បែកយ៉ាងខ្លាំង។

ការខូចខាតទាំងនេះ រួមមាន ការហូរច្រោះគ្រឹះស្រុតខឿនក្រោម ប្រេះរបេះកំបោរបាយអរ រលុះឥដ្ឋ និងល្បាក់ក្បាច់នៃតួចេតិយ។ ការខូចខាតទាំងនេះ គឺបណ្តាលមកពីកត្តាធម្មជាតិ និងអាយុកាលរបស់សំណង់។ ចេតិយព្រះបាទចន្ទរាជា ស្ថិតនៅមុខព្រះពុទ្ធចូលនិព្វាន កសាងឡើងតាំងពី គ.ស.១៥៦៧ ព្រះបាទបរមិន្ទរាជាទ្រង់សាងសម្រាប់បញ្ចុះព្រះអដ្ឋិនៃព្រះចន្ទរាជាជាព្រះរាជបិតា។ ចេតិយនេះ បែរមុខទៅទិសខាងជើង សាងពីឥដ្ឋតាន់បូកបាយអ មានការបាក់បែកដោយអន្លើ។ ចេតិយនេះមាន ការជួសជុលជាបន្តបន្ទាប់តាំងពីក្នុងរាជ្យហ្លួងនរោត្តមរហូតមកដល់ហ្លួងព្រះស៊ីសុវត្ថិ។

ការងារអភិរក្សនិងជួសជុលនេះ នឹងចំណាយពេល៤ខែ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភថវិកាពី​ ឯកឧត្តមបណ្ឌិត​ ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង​ និងលោកជំទាវ​​ យី សុភា។

កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង​សប្បុរសជន និងស្ថាប័ន នានា​ លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×