ប៉ុន្មានថ្ងៃមកនេះ បណ្តាញសង្គមរបស់ចិន បានចែករំលែករូបភាព និងរឿងរ៉ាវដ៏អស្ចារ្យមួយ នៅពេលដែលគូស្នេហ៍ថ្មីថ្មោងមួយគូ បានរៀបចំពិធីមង្គលការ ហើយបានបង្ហាញពី «រូបថតអាពាហ៍ពិពាហ៍» ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយសារតែរូបថតទាំងនោះ ថតកាលពីពួកគេនៅក្មេង នៅថ្នាក់មត្តេយ្យ ហើយពួកគេមិនដែលដឹងថា ២០ ឆ្នាំក្រោយ ពួកគេនឹងរៀបការជាមួយគ្នានោះទេ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ពិធីមង្គលការនេះត្រូវបានប្រារព្ធឡើងនៅទីក្រុង Chaozhou ខេត្ត Guangdong ប្រទេសចិន។
លោក Zheng ជាកូនកំលោះបាននិយាយលេងសើចនៅក្នុងពិធីមង្គលការរបស់គាត់ថា «គាត់និងអនាគតភរិយារបស់គាត់ បានរៀបការតាំងពីថ្នាក់មត្តេយ្យមកម្ល៉េះ» ធ្វើឱ្យភ្ញៀវទាំងអស់ មិត្តភក្តិ និងសាច់ញាតិ នាំគ្នាភ្ញាក់ផ្អើលខ្លាំងតែម្តង។ បន្ទាប់មក គាត់ក៏បានបញ្ចេញរូបថតដែលបង្ហាញថា គាត់និងអនាគតភរិយារបស់គាត់ ពិតជានៅក្នុងឈុតអាពាហ៍ពិពាហ៍កុមារភាពទាំងពីរនាក់ពិតមែន។
លោក Zheng បានបង្ហើបថា នៅពេលនោះគឺជាការសម្តែងនៅមត្តេយ្យ។ គ្រូរបស់ពួកគេបានរៀបចំឲ្យអ្នកទាំងពីរឡើងលើឆាកជាមួយគ្នា ក្នុងនាមជាកូនកំលោះ។ ទោះបីជាយ៉ាងណា អ្នកទាំងពីរមិនធ្លាប់បានជួបគ្នាពីមុនមកទេ ហើយក៏មិនធ្លាប់រៀននៅថ្នាក់ជាមួយគ្នាដែរ។ ក្រោយពីរៀនចប់ថ្នាក់មត្តេយ្យ អ្នកទាំងពីរបានដើរផ្លូវដាច់ដោយឡែកពីគ្នា ដោយមិនមានអនុស្សាវរីយ៍រួមគ្នាក្រៅពីនេះទៀតសោះឡើយ។
រហូតមកដល់ថ្ងៃមួយ ក្នុងឆ្នាំ ២០២២ លោក Zheng បានមើលការសម្តែងនៅសាលាចាស់ និងវីដេអូសម្តែងនៅសាលានៅក្នុងក្រុមជជែកកំសាន្តរបស់មិត្តភ័ក្តិកុមារភាពរបស់គាត់ ហើយ «កូនក្រមុំតូច» របស់គាត់ បានធ្វើឲ្យគាត់ចាប់ចិត្តយ៉ាងខ្លាំង។ បន្ទាប់មក គាត់បានស្វែងរកនាងដោយសង្ឃឹមថា ពួកគេនឹងអាចមានទំនាក់ទំនងនឹងគ្នា។ ដោយមានជំនួយពីអតីតគ្រូមត្តេយ្យរបស់គាត់ ទីបំផុត គាត់បានទាក់ទងនាង។ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺនាងក៏នៅលីវដែរនាពេលនោះ។
អ្នកទាំងពីរបានបង្កើតទំនាក់ទំនងស្នេហា និងបានរៀបការយ៉ាងធំនៅថ្ងៃទី៧ ខែមករា។ នៅលើឆាកអាពាហ៍ពិពាហ៍ Zheng បាននិយាយយ៉ាងសប្បាយរីករាយថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ពួកយើងបានឡើងឆាកជាមួយគ្នាម្តងទៀត ដោយនឹកស្មានមិនដល់។ ចាប់ដៃគ្នាជាអព្ភូតហេតុ! មិនគួរឱ្យជឿ»។
រឿងស្នេហានេះបានសាយភាយយ៉ាងរហ័សនៅលើបណ្តាញសង្គម ហើយកំពុងទទួលការចាប់អារម្មណ៍ខ្លាំងនៅលើនៅលើ Weibo ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិសម្តែងការកោតសរសើរថា «ពិតជាវាសនាអស្ចារ្យណាស់!, នេះគួរតែត្រូវបានគេហៅថាមិត្តរួមព្រលឹង, វាសនាត្រូវបានចារតាំងពីថ្នាក់មត្តេយ្យមិនគួរឱ្យជឿ, វាពិតជាអស្ចារ្យណាស់ដែលបាននៅជាមួយគ្នាក្នុងអតីតកាល ហើយបច្ចុប្បន្នកាល និងអនាគតកាល»៕