កណ្តាល ៖ ឪពុកបង្កើត រំលោភកូនស្រីខ្លួនឯងអាយុទើប 12ឆ្នាំរយៈពេល១ឆ្នាំរហូតមានផ្ទៃពោះ៥ខែ ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន។ ករណីនេះកើតហេតុថ្ងៃទីមិនចាំ ក្នុងខែមិថុនា ឆ្នាំ ២០១៧ វេលាម៉ោង១៩.០០នាទីមកម្លេះ នៅចំណុចលើទូក ខាងកើតព្រែកជីក ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ម វ ល ក ភេទ ស្រី អាយុ ១២ ឆ្នាំ(កើតឆ្នាំ២០០៦) ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលប៉ាក់ស្បៃ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ ផាត់ តឿ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ (ឪពុកបង្កើតរបស់ជនរងគ្រោះ) (ឃាត់ខ្លួន)មុខរបរកសិករ មានទីលំនៅភូមិ ពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
នគរបាលមូលដ្ឋានបានប្រាប់សភាពរឿងហេតុថា នៅក្នុងខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៩និង០០ នាទី នៅពេលដែលជនសង្ស័យមកយកកូន (ជនរងគ្រោះ) ចេញពីស៊ីឈ្នួលគេវិញ ជនសង្ស័យបានយកទូកមកចម្លងកូន ពេលនោះជនសង្យ័យបានលួងលោមរួមភេទជាមួយកូន តែកូនមិនព្រម រួចឪពុកក៏គំរាមថា បើមិនព្រមឲ្យអញ អញវ៉ៃងាប់ឥឡូវ ពេលរំលោភរួច កូនស្រីនិយាយថា ចាំមើលទៅដល់ផ្ទះខ្ញុំប្រាប់ម៉ែ ពេលនោះជនសង្ស័យគំរាមថាបើហ៊ានប្រាប់ម៉ែអ្ហែង អញសម្លាប់ចោល ។
លុះក្រោយមកជនសង្ស័យ តែងតែរំលោភកូនរហូតជាបន្តបន្ទាប់ ដោយគំរាមកូនមិនឲ្យនិយាយប្រាប់ម្ដាយ និងអ្នកដ៏ទៃ បើហ៊ាននិយាយ និងសម្លាប់ចោល ។ លុះដល់ថ្ងៃទី២៨សីហា២០១៨ វេលាម៉ោង១២ ជនរងគ្រោះបាននិយាយប្រាប់ម្តាយថា ៖ ម៉ែខ្ញុំរ៉ាំងរដូវ បាត់ជាង៣ ខែហើយ ។ ភ្លាមនោះម្ដាយជនរងគ្រោះ បានទៅទិញឧបករណ៍ពិនិត្យទឹកនោម មកពិនិត្យ ពេលទិញបានហើយក៏ធ្វើការពិនិត្យទឹកនោម ឃើញថា ៖ មានផ្ទៃពោះ រួចក៏សួរកូនថា ៖ កូនឯងប្រាប់ម៉ែឲ្យត្រង់មកមានខូចខិលជាមួយនរណា ? កូនឆ្លើយថា ៖ ប៉ារំលោភខ្ញុំ តាំងពីខែទឹកឆ្នាំទៅរហូតមកដល់ឥឡូវនេះ ។ ភ្លាមនោះម្ដាយដេញកូនឲ្យទៅជួបជាមួយម្ដាយមីង ឲ្យជូនទៅប្ដឹងសមត្ថកិច្ច ។
លទ្ធផលពេទ្យពិនិត្យឃើញថា ៖ មានផ្ទៃពោះរយះពេល ៥ខែហើយ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ បានកោះហៅជនសង្ស័យ មកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ កូឡាប