ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់ឯកឧត្តម Tan Sri Dato Johari bin Abdul និងគណៈប្រតិភូ និងសំដែងនូវក្តីរីករាយដែលជួបមិត្តចាស់សាជាថ្មី បន្ទាប់ពីជំនួបកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា ការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការប្តូរនឹងសន្តិភាពរយៈពេលវែង និង ចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅដែលកើតមានឡើងនូវចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។
នាឱកាសជំនួបនេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានសម្តែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណ សម្តេចតេជោ ដែលបានទទួលជួបឯកឧត្តម និងគណៈប្រតិភូ ឯកឧត្តម បានលើកឡើងថា នេះគឺជាជំនួបដែលឯកឧត្តម រំពឹងយូរហើយ, សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។ សម្តេច បានបូជា លះបង់យ៉ាងធំធេង និងជាមគ្គទ្ទេសក៍ឆ្នើម ក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។ ធៀបនឹងឆ្នាំ២០០០ ដែលឯកឧត្តមបានមកកម្ពុជា ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវភាពស្ងប់ស្ងែង អំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលសមិទ្ធផលទាំងនេះមិនអាចកើតមានឡើយ ប្រសិនបើគ្មានគំនិតផ្តួចផ្តើម និងមគ្គទ្ទេសក៍ដ៏ឆ្លើមរបស់សម្តេចតេជោ។ ឯកឧត្តម ចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ ធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអបអរសាទរចំពោះការផ្លាស់ប្តូរអ្នកបន្តវេននៅកម្ពុជាប្រកបដោយជោគជ័យ។ តាមរយៈជំនួបកាលពីឆ្នាំមុន ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ថាជាប្រមុខថ្នាក់ដឹកនាំអាស៊ានវ័យក្មេងប្រកបដោយភាពរស់រវើក សមត្ថភាព ចក្ខុវិស័យ និងថាមពល។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ក្នុងនាមប្រធានអាស៊ាន ម៉ាឡេស៊ី ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងធនាគារ … ជាពិសេស ការផ្លាស់ប្តូរ មិនត្រឹមតែកម្រិតសមាជិក-សមាជិកាសភាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការផ្លាស់ប្តូរនិស្សិតផងដែរ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅម៉ាឡេស៊ី។
ឯកឧត្តមប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា អាស៊ានគួរតែរីកចំម្រើនជាមួយគ្នា ព្រោះអាស៊ាន មានទាំងប្រជាជន ថវិកា ទ្រព្យ និងការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាក្រុម (block) ប្រជាជាតិតែមួយ និងតម្រូវឱ្យយើងកសាងនូវទំនុកចិត្ត សាមគ្គីគ្នាធ្លុងមួយ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្នា ក្នុងនាមជាអ្នកជិតខាងល្អ។ ឯកឧត្តមប្រធានរដ្ឋសភា បានបន្តថា តាងនាមឱ្យរដ្ឋសភាម៉ាឡេស៊ី ឯកឧត្តម ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តមប្រធានរដ្ឋសភា ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ និងវឌ្ឍនភាពក្នុងអាស៊ាន ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច។ សម្តេចតេជោ ក៏បានចែករំលែកពីការលំបាកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់ និងក្រោមការដឹកនាំរបស់សម្តេច កម្ពុជាអាចសម្រេចបាននូវការឯកភាពគ្នា សុខសន្តិភាព និងការអភិវឌ្ឍ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។ ឆ្លៀតឱកាសនេះ សម្តេចតេជោ បានសម្តែងនូវការចូលរួមអបអរសាទរ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ៤៦ និង៤៧ និងបានថ្លែងអំណរគុណដល់ ឯកឧត្តម Dato Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានតែងតាំង សម្តេចតេជោ ជាទីប្រឹក្សាលើកិច្ចការអាស៊ាន ដែលនេះគឺកិត្តិយសដ៏ធំធេងសម្រាប់សម្តេច។ សម្តេចតេជោ ក៏បានរំឭកអំពីទំនាក់ទំនងល្អរវាងសម្តេច និង ឯកឧត្តម Dato Seri Anwar bin Ibrahim តាំងពីឆ្នាំ១៩៩៥។ នាឆ្នាំ២០២៣ ឯកឧត្តម Dato Seri Anwar bin Ibrahim បានមកទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើសុខុដុមនីយកម្មរវាងសាសនានៅកម្ពុជា។ សម្តេចតេជោ មានសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរមានការកើនឡើង ជាពិសេស ការផ្លាស់ប្តូរយ៉ាងច្រើននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នៅក្នុងក្របខណ្ឌសភា សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមប្រធានរដ្ឋសភា ជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅឆ្នាំនេះ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម មហាសន្និបាតអាយប៉ានឹងសម្រេចបានជោគជ័យ។ ទន្ទឹមគ្នានេះ សម្តេចតេជោ មានក្តីរីករាយ និងសាទរចំពោះ ទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ។ សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរ គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យបាន២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍…។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា ជំងឺកូវីដ បានជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ឱ្យមានការខិតជិតគ្នា ស្របនឹងសុភាសិត «ជួញជិតប្រសើរជាងជួញឆ្ងាយ»។ សម្តេចតេជោ បានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង អាស៊ីប (RCEP) គឺជាសក្តានុពលនៃការអភិវឌ្ឍអាស៊ាន ឱ្យមានសមត្ថភាពខ្ពស់ និង ភាពរឹងមាំ ដោយអាស៊ានមិនគួរធ្វើជាស្មៅឱ្យដំរីជាន់នោះទេ។ សម្តេចតេជោ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់នេះរីកចម្រើនបន្ថែមទៀត និងស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ។
នៅចុងបញ្ចប់ សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខជូនឯកឧត្តម Awang Bemee bin Awang Ali Basah ប្រធានព្រឹទ្ធសភា និងឯកឧត្តម Dato Seri Anwar bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជូន ពរឯកឧត្តម Tan Sri Dato Johari bin Abdul និងគណៈប្រតិភូ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី