Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត តាន់ មុនីវណ្ណ ជំរុញឲ្យពាណិជ្ជករកម្ពុជាខិតខំយកផលិតផល និងសេវាកម្ម មកតាំងពិព័រណ៍ក្នុងស្រុក ប្រសើរជាងការយកទៅតាំងនៅក្រៅប្រទេស

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានថ្លែងជំរុញឲ្យពាណិជ្ជករកម្ពុជាខិតខំយកផលិតផល និងសេវាកម្មមកតាំងពិព័រណ៍ក្នុងស្រុក ប្រសើរជាងការយកទៅតាំងនៅក្រៅប្រទេស ដោយសារត្រូវចំណាយច្រើន។

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបែបនេះនៅក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales 2025 ដែលមានផលិតផលជាង២៥០ស្តង់ បាននិងកំពុងដាក់តាំង និងលក់នៅសាលពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត លើកឡើងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ជួយជំរុញចលនាឱ្យពាណិជ្ជករខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និង សោភណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដា ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែង ក្នុងកម្រិត ទីផ្សារអន្តរជាតិ។

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដោយជំរុញពាណិជ្ជករ ក៏ដូចជាវិស័យឯងជនជាដើម ត្រូវខិតខំយកផលិតផល និងសេវាកម្មតាំងពិព័រណ៍ក្នុងស្រុកធដ្វើការដាក់បង្ហាញ ប្រសើរជាងការយកទៅតាំងនៅក្រៅប្រទេស ដោយសារ​ត្រូវចំណាយច្រើន ​។

លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events បានលើកឡើងថា បន្ទាប់ពីធ្លាប់រៀបចំព្រឹត្តិការណ៍ពិព័រណ៍ជាតិ និងអន្តរជាតិអស់រយៈពេលជាង១០ឆ្នាំ លោកមានក្តីសុបិន ថាមានថ្ងៃណាមួយខ្ញុំនឹងអាចរៀបចំព្រឹត្តិការណ៍ពិព័រណ៍ខ្នាតធំជារបស់ខ្លួនឯងនៅសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដែលជាទីតាំងរៀបចំពិព័រណ៍ខ្នាតធំជាងគេនៅកម្ពុជា ហើយថ្ងៃនេះខ្ញុំបាទសម្រេចបំណងប្រាថ្នាដ៏ធំនេះយ៉ាងពិតប្រាកដ។

លោកបានជម្រាបជូនថា ព្រឹតិ្តការណ៍ Cambodia Annual Mega Sales នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនសកម្មភាពពាណិជ្ជកម្ម ការទាក់ទាញវិនិយោគមកពីបរទេសតាមរយៈការមកចូលរួមការតាំងពិព័រណ៍ ការបង្កើតបរិយាកាសជំនួបដៃគូអាជីវកម្ម ព្រមទាំងការផ្តល់បរិយាកាសរីករាយជូនមហាជនសម្រាប់ការទិញផលិតផល/សេវាកម្ម រាប់រយមុខជាមួយនឹងតម្លៃពិសេស។

ព្រឹតិ្តការណ៍នេះត្រូវបានប្រារព្ធឡើង ដែលមានរយៈពេល ( 3ថ្ងៃ ) នេះ ដែលរួមមាន៖ កម្មវិធីពិព័រណ៍ផលិតផលចម្រុះ ដែលមានចំនួនប្រមាណ ២៥០ស្តង់ ការលក់លាងឃ្លាំងខ្នាតធំដែលមានការបញ្ចុះតម្លៃរហូតដល់៨០% ការប្រគំតន្ត្រីខ្នាតតូច ជំនួបអាជីវកម្ម ការរ៉ៃអង្គាសថវិកាទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ និង ការតម្លើងកន្លែងកំសាន្តសម្រាប់ក្មេងៗ ដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយដែលមានស្ព័នស័រជាច្រើន ស្តង់ពិព័រណ៍រាប់រយ និងអ្នកទស្សនារាប់ម៉ឺននាក់ តែងតែជះឥទិ្ធពលធំណាស់ដល់សង្គម សេដ្ឋកិច្ច និង មហាជន ក៏ដូចជាបានផ្តល់ឳកាសអាជីវកម្មជាច្រើនដែរ ដល់អាជីវកម្មដែលពាក់ព័ន្ធ។

លោកជឿជាក់ថា ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងជួបបញ្ហាជាច្រើន ខណៈដែលស្ថានភាពនយោបាយនៅកម្ពុជាមានស្ថេរភាព សុខសន្តិភាព និង វឌ្ឍនភាពជាលំដាប់ ការបង្កើតព្រឹត្តិការណ៍ពិព័រណ៍កាន់តែច្រើនឡើង និង កាន់តែធំគឺជាគន្លិះដ៏សំខាន់មួយដែលនឹងជួយ ជម្រុញសេដ្ឋកិច្ចកម្ពុជា ឈានទៅមួយកម្រិតទៀត តាមរយៈការជួយទាក់ទាញវិនិយោគទុនកាន់តែច្រើនពីទូទាំងសកលលោកមកកាន់កម្ពុជា ការនាំចូលផលិតផល និង សេវាកម្មល្បីៗមកក្នុងប្រទេស បង្កើតការងារជូនប្រជាជន និង ពង្រីកសកម្មភាពជួញដូរក្នុងស្រុក និង អន្តរជាតិ។

មហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sale 2025 រយៈពេល ៣ថ្ងៃនេះ ត្រូវបានរំពឹងថា នឹងមានការចូលរួមពីសំណាក់អតិថិជនសក្តានុពលយ៉ាងហោចណាស់ជាង ១០ ម៉ឺននាក់ ហើយវានឹងក្លាយទៅជាពេលវេលាដ៏រីករាយសម្រាប់អ្នកទិញមកពីជុំវិញរាជធានីភ្នំពេញដើម្បីទទួលយកនូវទំនិញដែលមានគុណភាពល្អៗ និងតម្លៃសមរម្យព្រមទាំងបញ្ចុះតម្លៃរហូតដល់ ៨០% ផងដែរ។

ទាក់ទិននឹងបញ្ហានេះដែរ លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់ (AJF)ក៏បានទទួលស្គាល់ដែរថា ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ពាណិជ្ជកម្មគឺឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសជាព្រឹត្តិការណ៍ប្រមូលផ្តុំនូវម្ចាស់អាជីវកម្ម និងមុខទំនិញព្រមទាំងផលិតផលជាច្រើនប្រភេទលក់ជូនអ្នកចូលរួម។

ជាមួយគ្នានោះ លោក គង់ វិចិត្រា ស្ថាបនិក និងជានាយកអង្គការកុមារពិការកម្ពុជា ដែលបានសហការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Annual Mega Sales 2025 ជាមួយ ក្រុមហ៊ុន KHB Event បានចាត់ទុកព្រឹត្តិការណ៍នេះ មានសារៈសំខាន់ និងល្អបំផុត ក្នុងការជួយដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់ផលិតផលក្នុងការលក់ផលិតផលលាងឃ្លាំងរបស់ពួកគេនៅដើមឆ្នាំ នេះ និងបានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនទៅកាន់អតិថិជនដោយផ្ទាល់ផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកកម្មកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០២២ និង២០២៣ ប្រទេសកម្ពុជាមានការររៀបចំពិព័រណ៌ពាណិជ្ជកម្មចំនួន ៥២លើក។ ដោយឡែក គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជន (ដែលបានស្នើមកក្រសួងពាណិជ្ជកម្ម) បានរៀបចំចំនួន៤១លើក និងមានការទាក់ទាញ និងចូលរួម គាំទ្រយ៉ាងផុសផុល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×