Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជំនួបសម្តែងការគួរសមដោយ នាយកប្រតិបត្តិមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន

រាជធានីភ្នំពេញ: ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនក្នុង តំបន់ ក្នុងពេលដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោកស្រី ប៊ុត រតនា នាយកប្រតិបត្តិ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥។

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវមោទនភាព និងអបអរសាទរលោកស្រី ប៊ុត រតនា ដែល ត្រូវបានតែងតាំងជានាយកប្រតិបត្តិស្ត្រីដំបូងគេរបស់ ARMAC និងកោតសរសើរចំពោះសមិទ្ធផល ការងារដែលលោកស្រីសម្រេច និងការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ ដែលបណ្តាលមកពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន សង្កត់ធ្ងន់លើតួនាទីសំខាន់នៃសកម្មភាពមីនក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាជាប្រទេសតូចក៏ដោយ កម្ពុជាត្រូវបាន ទទួលស្គាល់ជាសកលសម្រាប់ការចូលរួមយ៉ាងសកម្ម និងសំខាន់ក្នុងការរួមចំណែកដល់សកម្មភាពមីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ ARMAC ឱ្យធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយ ស្ថាប័នកម្ពុជា ដូចជា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជន (CMAA) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីពង្រឹង រួមគ្នា និងផ្អែកលើភាពជាអ្នកដឹកនាំ និងជំនាញរបស់កម្ពុជាក្នុងសកម្មភាពមីន។

ឯកឧត្តម ប្រាក់ សុខុន និងលោកស្រី ប៊ុត រតនា បានកត់សម្គាល់អំពីគម្រោងដែលកំពុង ដំណើរការ និងគំនិតផ្តួចផ្តើមថ្មីៗ ហើយបានគូសបញ្ជាក់ពីសារសំខាន់នៃការលើកកម្ពស់ការយល់ ឃើញ និងការយល់ដឹងជាសាធារណៈអំពីកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ ARMAC។ ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តដល់ ARMAC ឱ្យពង្រីកនូវការចូលរួមរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយ ដៃគូក្នុងតំបន់ និងអន្តរជាតិ ហើយបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះ ភាពជោគជ័យនៃបេសកកម្មរបស់ ARMAC៕រក្សាសិទ្ធដោយ៖សុទ្ធលី

×