Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញចំណាប់អារម្មណ៍ខ្ពស់ ចំពោះសេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធអត្តសញ្ញាណប័ណ្ណ និងការងារអត្រានុកូលដ្ឋាន

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ព្រមទាំងបានកោតសរសើរ ចំពោះការតាក់តែង សេចក្តីព្រាងអនុក្រឹត្យនេះឡើង ដោយគិតគូរយ៉ាងច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ជាប្រទេសនីតិរដ្ឋ។

ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សេចក្តីព្រាងអនុក្រឹត្យស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មាន៦ជំពូក និង១៤មាត្រា និងមានគោលបំណង ដើម្បីកំណត់ពីទម្រង់ និងព័ត៌មាន ដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទម្រង់លក្ខណៈសម្គាល់ព័ត៌មាន ការកំណត់សុពលភាព និងការកំណត់អាយុត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាការចុះបញ្ជីអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានត្រឹមត្រូវ។ ដោយឡែក សេចក្តីព្រាងអនុក្រឹត្យស្តីពីសមត្ថកិច្ចនៃមន្ត្រីអត្រានុកូលដ្ឋាន មាន៨ជំពូក និង១៦មាត្រា មានគោលបំណង កំណត់អំពីសមត្ថកិច្ច និងតួនាទីភារកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំរយៈពេលជិត៤ម៉ោង ឯកឧត្តមអភិសន្តិបណ្ឌិត បានសាទរ ក្រោយពីទទួលបាននូវធាតុចូលជាច្រើន បន្ទាប់ពីមានការវែកញែក ទៅលើចំណុចមួយចំនួនដើម្បីកែសម្រួលឱ្យបានស៊ីជម្រៅ ប្រកបដោយអត្ថន័យងាយយល់ បញ្ចូលទៅក្នុងសេចក្តីព្រាងនៃអនុក្រឹត្យទាំងពីរបន្ថែមទៀត មុននឹងឈានចូលទៅដល់ការសម្រេច និងដាក់គោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិនិត្យ និងដឹកនាំការសម្រេច៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×