Thursday, January 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ៖ ក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅ ការផ្តល់ក្របខ័ណ្ឌថ្មី គឺទុកកម្រិតក្រសួងត្រឹមតែ២០%ប៉ុណ្ណោះ ក្រៅពីនេះ គឺនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែមករា ឆ្នា២០២៥នេះ បន្ទាប់ពីបានដំណើរការពេញមួយថ្ងៃទី២១ ខែមករា និងបន្តរហូតមកដល់ព្រឹកថ្ងៃទី២២ ខែមករានេះ។ ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃប្រកបដោយការពេញចិត្ត និងលើកទឹកចិត្តខ្ពស់ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង និងការដឹកនាំតម្រង់ទិសឯកឧត្តម ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានី សម្រាប់លទ្ធផលបំពេញការងារយ៉ាងល្អក្នុងឆ្នាំ២០២៤ និងការពិភាក្សាលើកទិសដៅការងារឆ្នាំ២០២៥ របស់អង្គសន្និបាត។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់បន្តរួមគ្នាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីធានាបាននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមក៏បានមានប្រសាសន៍ អំពីបញ្ហាក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងការរំលោភចិញ្ចើមផ្លូវ ដោយបានលើកទឹកចិត្តអាជ្ញាធររដ្ឋបាលរាជធានី បង្កើន សកម្មភាពផ្សារភ្ជាប់ជាមួយអាណាព្យាបាល លោកគ្រូអ្នកគ្រូ ឱ្យចូលរួមអប់រំទូន្មានប្រៀនប្រដៅដល់កូនចៅ និងសិស្សានុសិស្ស ខណៈបញ្ហាចរាចរណ៍ និងសណ្ដាប់ធ្នាប់តាមផ្លូវ នៅតែបន្តចោទឡើង ព្រោះតែភាគច្រើនប្រជាពលរដ្ឋបានធ្វើសកម្មភាពតៗគ្នារំលោភចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច បាត់ផ្លូវថ្មើរជើង នាំឱ្យមានការកកស្ទះ និងគ្រោះថ្នាក់។ ក្នុងន័យនេះ ឯកឧត្តមបានផ្ដល់អនុសាសន៍ជូនឯកឧត្តម ឃួង ស្រេង ដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ ដោះស្រាយបញ្ហានេះ។

ចេញពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបានកោតសរសើររដ្ឋបាលរាជធានីដែលបានដឹកនាំរដ្ឋបាលខណ្ឌចំណុះ អនុវត្តការងារនេះប្រកបដោយការទទួលខុសត្រូវ ជាពិសេសយន្តការច្រកចេញចូលតែមួយ។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានឆ្លៀតកោតសរសើរ និងថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងបណ្ដាក្រសួងផ្សេងទៀតដែលបានផ្ទេរមុខងាររបស់ខ្លួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយគុណភាព។ ជាក់ស្ដែងមុខងារវិស័យអប់រំ ដែលផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានពង្រឹងប្រកបដោយគុណភាព ស្របពេលមុខងារសុខាភិបាលក៏បានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាពចាត់ចែងក្នុងដែនសមត្ថកិច្ច។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ដូចគ្នាដែររដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌផ្សេងទៀតយកចិត្តទុកដាក់លើការពង្រឹងគុណភាពធនធានមនុស្សដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនជាពិសេស សិទ្ធិ អំណាច មុខងារ ធនធានដែលថ្នាក់ជាតិបានផ្តល់ទៅឱ្យ ដោយបានបន្ថែមទៀតថា ក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅការផ្តល់ក្របខ័ណ្ឌថ្មីគឺទុកកម្រិតក្រសួងត្រឹមតែ២០%ប៉ុណ្ណោះ ក្រៅពីនេះគឺនៅថ្នាក់ក្រោមជាតិ។

នៅចុងបញ្ចប់នៃពិធីបិទសន្និបាត ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យរដ្ឋបាលរាជធានីភ្នំពេញជាពិសេសក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ពង្រឹងការដឹកនាំតម្រង់ទិសលើការងាររៀបចំផែនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាផ្សេងៗក្នុងមូលដ្ឋាន។ ទន្ទឹមគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារអនាម័យ និងបរិស្ថាន។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញបន្តខិតខំប្រឹងប្រែង លើការងារដែលខ្លួនបានដាក់ចេញបន្ថែមទៀត ពីព្រោះការងារកន្លងមកទទួលបាននូវលទ្ធផលគួរជាទីកោតសសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×