រាជធានីភ្នំពេញ៖ ក្រុមក្មេងទំនើង៣នាក់ ដែលប្រើដាវកែច្នៃកាប់បំផ្លាញម៉ូតូអ្នកដទៃបណ្ដាលឲ្យរងការខូចខាតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារតែក្រុមជនដៃដល់ខឹងជនរងជិះកាត់ទីតាំងខ្លួន ដោយមិនបានជូនដំណឹងជាមុន។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាលព្រែកថ្មី សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា÷ មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខកណ្តាល1AE-4816 ទៅផ្ទះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ ឈ្មោះ ប៉ាល់ រ៉ាយុទ្ធ, ឈ្មោះ ពេជ្រ ដឺលុច, ឈ្មោះ ប៉េង សំណាង ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហមលាយស ផ្លាកលេខភ្នំពេញ1KW-7992 មកពីក្រោយកាក់ជនរងគ្រោះឲ្យឈប់ រួចយកដាវកាប់ម៉ូតូជនរងគ្រោះម៉ាកខាងលើបែកកុងទ័រ និងកាត់តាប៊ូ ក្រោយរួចនាំគ្នាជិះម៉ូតូគេចខ្លួន។
លុះដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលមានអាយុចាប់ពី១៦ទៅ១៩ឆ្នាំ ដែលស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងវត្ថុតាងដាវ៣ដើម, ម៉ូតូ១គ្រឿង ម៉ាក Suzuki Nex (របស់ជនសង្ស័យ) បានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី