ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានមាន
ប្រសាសន៍នៅរសៀលថ្ងៃទី៣១មករានេះថា ករណីមនុស្សស្លាប់៣នាក់ និងសង្គ្រោះបន្ទាន់២នាក់នៅឃុំស៊ើង ស្រុកបរកែវ
មិនមែនបណ្តាលមកពីពុលស្រាស ដូចការសង្ស័យនៅដំណាក់កាលដំបូងនោះទេ ។
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា តាមលទ្ធផលមន្ទីរពិសោធន៍បានបញ្ជាក់ថា ករណីស្លាប់មនុស្សនៅខេត្តរតនគិរី មិនមែនបណ្តាលមកពីស្រាស នោះទេ ព្រោះលទ្ធផលតេស្តទៅលើស្រាសអវិជ្ជមាន។ ចំណែកមូលហេតុពិតប្រាកដនៃការស្លាប់យើងក៏កំពុងរង់ចាំលទ្ធផលអង្កេតស្រាវជ្រាវដែរ ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យបើកទីតាំងផលិតស្រាស ឡើងវិញនៅទូទាំងខេត្ត បន្ទាប់ពីរកឃើញថា ករណីមដែលមនុស្សស្លាប់ ៣នាក់ និង២នាក់ទៀតធ្លាក់ខ្លួនឈឺ កំពុងព្យាបាលនៅស្រុកបរកែវ ខេត្តរតនគិរី មិនបានជាប់ពាក់ព័ន្ធនឹងការពុលស្រាស នោះទេ។
នេបើយោងតាមរបាយការណ៍ដែលផ្តល់ដោយលោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា ករណីដែលមានមនុស្សស្លាប់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ មិនមានពាក់ព័ន្ធជាមួយនឹងស្រាសនោះទេ ហើយមន្ទីរសុខាភិបាលកំពុងស្វែងរកនូវហេតុផលផ្សេង និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍វត្ថុវិភាគមួយចំនួនទៀត។
លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ បន្តថា ចំណែកម្ហូបអាហារក៏នៅមិនទាន់ដឹងថា មានសារធាតុជាតិពុលអ្វីនោះទេ គឺកំពុងយកសំណាកម្ហូបអាហារ ទៅមន្ទីរពិសោធន៍ទាល់តែចេញជាលទ្ធផលសិន បានអាចយកជាផ្លូវការបាន។ ដោយឡែកលទ្ធផលបឋម ចំពោះសំណាកស្រាស ដែលប្រមូលពីផ្ទះអ្នកស្លាប់ មិនមានសារធាតុមេតាណុលនោះទេ។ ចំពោះសំណាកផ្សេងទៀតកំពុងបន្តរង់ចាំលទ្ធផល។ លោក បានបន្តថា មនុស្ស ២នាក់ដែលជួយសង្គ្រោះបន្ទាន់នោះ ឥឡូវបានធូស្រាលហើយចាកចេញពីមន្ទីរពេទ្យទៅផ្ទះវិញផងដែរ។
កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២និង០៦នាទី មានករណីមនុស្ស ៥នាក់រងគ្រោះ ក្នុងនោះមាន ៣នាក់បានស្លាប់ និង២នាក់ ផ្សេងទៀតសម្រាកនៅមន្ទីរពេទ្យ ដោយសង្ស័យបណ្តាលមកពីការពុលស្រា សដោយសារជនរងគ្រោះមានអាការៈឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែក ។ អ្នកស្លាប់ទាំង៣នាក់នោះ ទី១៖ភេទប្រុស អាយុ៧៨ឆ្នាំ ទី២៖ ភេទប្រុស អាយុ៦០ឆ្នាំ និងទី៣៖ ភេទស្រី អាយុ ៥៤ឆ្នាំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី