សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។
ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។
ជាលក្ខណៈរួម គឺពិធីឡើងមាឃឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយគឺ ដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិទទួលបានភោគផលច្រើន សត្វចៀសផុតពីជំងឺ។ ពិសេសគឺបង្ហាញពីការចាប់ផ្តើមនៃវដ្ឋកសិក្មថ្មី ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។
ក្រៅពីលក្ខណៈរួមខាងលើ ទំនៀមបុរាណមួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូបអាហារចំណីចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់ ឯខ្លះទៀតពុំមាននោះឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី