ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង ឯកឧត្តមអភិបាលខេត្តបានចាត់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ បានចុះពិនិត្យទីតាំងជាក់ស្តែងដើម្បីស្វែងរកប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រ និងព្រមទាំងបានចាត់កំលាំងធ្វើការសម្អាតប្រេងនៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ពីព្រឹកទល់យប់ ហើយព្រឹកនេះក្រុមការងារនឹងបន្តសម្អាតបន្ថែមទៀត។
ជាមួយគ្នានេះ ក្រុមការងារក៏បានណែនាំ បងប្អូនប្រជាពលរដ្ឋដែលមកកំសាន្ត នៅឆ្នេរព្រែកត្រែង សូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ៕ រក្សាសិទ្ធដោយ៖សុទ្ធលី