កំពង់ធំ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកសាង ទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទំនប់អាងទឹកនេះ មានសមត្ថភាពរក្សាទឹកបាន ៣៩លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រប់ដំណាំ។ បន្តចុះពិនិត្យការអន្តរាគមន៍របស់ក្រសួងធនធានទឹក ក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅឃុំកំពង់ថ្ម ស្រុកសន្ទុក នាថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ។
ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ពីប្រភពអាងទឹកស្ទឹងជីនិត បូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំង បានចំនួន ៣០ហិកតា ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ។ ដោយឡែក ការអន្តរាគមន៍ទឹក ក្នុងខេត្តកំពង់ធំទាំងមូលសម្រេចលទ្ធផលបាន ៖ ទី១/. ឃុំសាន់គ ស្រុកកំពង់ស្វាយ ចំនួន ៥០២ហិកតា, ទី២/. ឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន ១៩០ហិកតា , ទី៣/. ឃុំកំពង់ថ្ម ស្រុកសន្ទុក ចំនួន ៣០ហិកតា, និងទី៤/. ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ចំនួន ១១ហិកតា ។
បន្ថែមពីនេះ ក៏បានឆ្លៀតចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹកស្ទឹងជីនិត ដែលជាអាងស្តុកទឹកដ៏ធំមួយ ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទំនប់អាងទឹកស្ទឹងជីនិតនេះ មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ៣៩លានម៉ែត្រគូប ដែលមានសំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនផ្សេងទៀត សម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេស វិស័យកសិកម្ម ព្រមទាំងផ្តល់ជាប្រភពទឹកប្រើប្រាស់ដ៏សំខាន់ នារដូវប្រាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ១លានម៉ែត្រគូប ៕ រក្សាសិទ្ធដោយ៖សុទ្ធលី