ភ្នំពេញ ៖ ស្របតាមទិសស្លោក “កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌ – និងអនុលោមតាមអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសារាចររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកមកដល់កូនចៅ ជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ និងដើម្បីរំលេច អំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាពនិងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលសម្រេចរៀបចំទិវា វប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ដោយបន្តរក្សាប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណង៖
- លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស
- បំផុសឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសយុវជន ចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរ គង់វង្ស និងរីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុ – បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិតផលវប្បធម៌ថ្មីៗ ប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ដែលរួមចំណែកដល់ការបង្កើតការងារ ឱ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
- លើកកម្ពស់ភាពច្នៃប្រតិដ្ឋនិងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ឈរលើមូលដ្ឋានអត្តសញ្ញាណជាតិ ដើម្បីបង្កើនភាពទាក់ទាញនិងផ្តល់ ភាពងាយស្រួលដល់ការចូលរួមក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមានពិការភាព ក្រោមទិសស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា
- លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេសមួយ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងនិងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះឱ្យបានកាន់តែទូលំទូលាយនិងផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ ក៏ដូចជាដើម្បីអាច ឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖
១- ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិអាចរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែលបានកំណត់នេះ។
២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិង រមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ នៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន
អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេលនេះ ផងដែរ។
៣- ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរសាទរទិវាវប្បធម៌ជាតិ។
៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញនិងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។
៥- ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។
៦- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថាន អគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរ នៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានាដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត។
៧- ក្រសួងធម្មការនិងសាសនាត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំកម្មវិធីនិងសកម្មភាព នានាដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ។
៨- ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវណែនាំទៅអង្គភាពមូលដ្ឋានដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ ឱ្យមានប្រសិទ្ធភាពនិងដោយ ស្មារតីទទួលខុសត្រូវខ្ពស់។
៩- រដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្មវិធីនិងសកម្មភាពផ្សព្វផ្សាយវប្បធម៌នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយ វប្បធម៌នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន។
១០- គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរនៅបរទេស ត្រូវចូលរួមប្រារព្ធនិងអបអរសាទរទិវាវប្បធម៌ជាតិ តាមមធ្យោបាយ ផ្សេងៗដែលមានដូចជា ការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាពសមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។
១១- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបជានៅតាមអង្គភាពនិងទីសាធារណៈ តាមខ្លឹមសារ ដូចតទៅ៖
- អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥
- យុវជនដើម្បីវប្បធម៌ជាតិ
- កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌
-វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន
- វប្បធម៌ ជាព្រលឹងនិងអត្តសញ្ញាណជាតិ
- វប្បធម៌ចូលរួមថែរក្សាសន្តិភាព សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍ
-អភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម
- មរតកដូនតា គឺជាអត្តសញ្ញាណជាតិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន
- ពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន
- យុវជនជាកម្លាំងចលករក្នុងការថែរក្សា ការពារ និងអភិវឌ្ឍវប្បធម៌ជាតិ
- កិច្ចការពារមរតកវប្បធម៌ជាតិ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប
- ចំណេះជំនាញដូនតាជាមូលដ្ឋានគ្រឹះនៃកិច្ចអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ។
១២- អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ត្រូវស្លៀកពាក់ សមរម្យតាមបែបប្រពៃណីជាតិ។
ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្ត ឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី