Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមឧកញ៉ាកម្ពុជា : ករណី ឧកញ៉ា ឆេង ស្រីរ័ត្នហៅ Love Riya មិនបានអនុវត្តតាមកិច្ចសន្យាទាំង៤ចំណុច គឺព្រមទទួលខុសត្រូវ ចំពោះមុខច្បាប់

សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជនទាំងអស់ មេត្តា ជ្រាបថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការអញ្ជើញចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការអប់រំណែនាំ និងពន្យល់អំពីគុណតម្លៃ កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា ព្រមទាំងផលប៉ះពាល់ជាអវិជ្ជមានចំពោះសង្គម និងសណ្តាប់ធ្នាប់សាធារណៈដល់ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya។

ជាលទ្ធផល ឧកញ៉ា ឆេង ស្រីរ័ត្ន បានសន្យាចំពោះមុខតំណាង សមាគមឧកញ៉ាកម្ពុជា ចំនួន៤ចំណុចដូចខាងក្រោម៖

១. បញ្ឈប់សកម្មភាពទាំងឡាយ ក្រោមទម្រង់ការថតសម្តែង ការស្លៀកពាក់ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដែលខុសឆ្គង និង បង្កផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា របស់ជាតិ ព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា។

២. យល់ព្រមលុបចោលនូវរូបភាព និងវីដេអូទាំងឡាយ អំពីសកម្មភាពខុសឆ្គង ដែលបានបង្ហោះកន្លងមក ដែលទទួលការ រិះគន់ពីសាធារណជន ជាពិសេសឃ្លីបវីដេអូ ការអត្ថាធិប្បាយទាំងឡាយ ដែលប៉ះពាល់សីលធម៌ និងកិត្តិយសដល់ គោរមងារឧកញ៉ា។

៣. យល់ព្រមទទួលយកមតិយោបល់អង្គប្រជុំពាក់ព័ន្ធនឹងទម្រង់សម្លៀកបំពាក់ និងពាក្យសម្តីមិនសមរម្យនៅក្នុងការថត ផ្សាយជាសាធារណៈក្នុងគោលបំណងចៀសវាងផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

៤. យល់ព្រមធ្វើឃ្លីបវីដេអូ ផ្សព្វផ្សាយជាសាធារណៈមួយថ្ងៃបន្ទាប់ពីកិច្ចសន្យានេះ ដោយបញ្ជាក់ពីការទទួលស្គាល់កំហុស ឆ្គង ប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងការសន្យាមិនឱ្យមាន សកម្មភាពបែបនេះ តទៅថ្ងៃមុខទៀត។

ករណី ឧកញ៉ា ឆេង ស្រីរ័ត្ន មិនបានអនុវត្តតាមកិច្ចសន្យាទាំង៤ចំណុចខាងលើ ឧកញ៉ា ឆេង ស្រីរ័ត្ន ព្រមទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

សមាគមឧកញ៉ាកម្ពុជា សូមអំពាវនាវដល់គោរមវន្តទាំងអស់ សូមមេត្តាចៀសវាងនូវសកម្មភាពទាំងឡាយណាផ្ទុយនឹង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់ដល់គុណតម្លៃ កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា និងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×