ករណីដ៏ហួសចិត្តនេះ បើតាមលោក សូ ពិសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជនផ្លូវគោក និងជាប្រធាន អនុក្រុមការងារអន្តរក្រសួងផ្នែកដឹកជញ្ជូនផ្លូវគោក ធ្លាប់បានបញ្ជាក់ថា ការបំពាក់ភ្លើងលម្អបន្ថែមលើរថយន្ត និងទោចក្រយានយន្ត គឺពុំត្រឹមតែជាប្រព្រឹត្តខុសពីលក្ខណៈបច្ចេកទេសរបស់យានយន្តដែលបានកំណត់មកស្រាប់ប៉ុណ្ណោះទេ តែថែមទាំងបង្កឲ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតផង។
លោក សូ ពិសី ក៏បានឲ្យដឹងបន្ថែមថា តាមមាត្រា៣០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា ការបំពាក់បន្ថែមសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលម្អផ្សេងៗនៅលើយានជំនិះ ក្រៅពីការកំណត់លក្ខណៈបច្ចេកទេស គឺត្រូវបានហាមឃាត់។ ដូច្នេះ ម៉ូតូ ឡាន ដែលបំពាក់បន្ថែមក្រៅពីភ្លើងកូដ និងភ្លើងហ្វា (ខាងមុខ) គឺជាការល្មើសទៅនឹងមាត្រា៣០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលសមត្ថកិច្ចត្រូវហៅមកធ្វើការអប់រំ និងក៏ដូចធ្វើកិច្ចសន្យាព្រមាន។
តែទោះជាយ៉ាងណា គេនៅតែឃើញម៉ូតូ ឡាន កង់បី មួយចំនួន គឺនៅតែបំពាក់ភ្លើងលម្អដោយអត់ខ្វល់នឹងច្បាប់ហាមឃាត់សោះឡើយ ជាពិសេសឡានដឹកដី និងឡានទំនើបខ្លះ ពុំត្រឹមលេងភ្លើងញាក់ទេ គឺថែមទាំងបំពាក់ហ្វាខាងក្រោយ ដែលធ្វើឲ្យប៉ះពាល់ដល់ភ្នែកអ្នកបើកបរខាងក្រោយយ៉ាងខ្លាំង។
ដោយឡែក ថ្មីៗនេះ បណ្តាញសង្គមបានផ្សព្វផ្សាយវីដេអូដ៏ហួសចិត្តមួយទៀតហើយ ដែលបង្ហាញឡានសាំយ៉ុង១គ្រឿង លេងភ្លើងញាក់ដ៏មិនធម្មតា ដែលបង្កការរំខាន ដល់អ្នកបើកបរខាងក្រោយយ៉ាងខ្លាំង។ ជាក់ស្តែង បុរសអ្នកបើកពីក្រោយ ដែលបានកត់ត្រាវីដេអូ បានសម្តែងការហួសចិត្តបែបនេះថា តើភ្លើងណាដឺមី ភ្លើងណាស៊ីញ៉ូឲ្យប្រាកដ បើញាក់រហូតអ៊ីចឹង វក់វីអស់ហើយ…!។
ជាមួយការទង្វើកែច្នៃលេងភ្លើងបែបស្ទាវអត់គិតបង្កផលប៉ះពាល់ដល់អ្នកដទៃនេះផងដែរ ពលរដ្ឋអ្នកលេងបណ្តាញសង្គមម្នាក់ ដែលជួបករណីនេះស៊ាំភ្នែក ក៏បានលើកឡើងឲ្យដឹងថា សំបូរណាស់ និយាយមែន! ពេលខ្លះទាល់តែពិនិត្យអោយមែនទែនទើបដឹងថា ស៊ីញ៉ូ ព្រោះអាភ្លើងប្រាំងក៏វាញ៉ាក់ ដូចស៊ីញ៉ូដែរ។ រីឯពលរដ្ឋម្នាក់ទៀត ក៏បានឆ្ងល់ថា អត់យល់ទេ ដែលឡានប្រភេទបែបនេះ អាចធ្វើចរាចរលើដងផ្លូវបាន រំលងភ្នែកមន្ត្រីនគបាលចរាចរមើលអត់ឃើញ!,…»៕