ក្រចេះ ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំកែសម្រួលសមាសភាពមន្ត្រីឆ្មាំទន្លេនៅតំបន់កាំពី ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោត។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ដំណើរបេសកកម្មមានការចូលរួមពីសំណាក់ លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀន គីន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ លោកបណ្ឌិត Dipankar Chyau Patnaik នាយកកម្មវិធីអភិរក្សនៃអង្គការ WWF កម្ពុជា និងមន្រ្តីឆ្មាំទន្លេ សរុបអ្នកចូលរួមប្រមាណជាង៥០នាក់។
ក្នុងពិធីសំណេះសំណាល លោកជំទាវអនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់ឆ្មាំទន្លេទាំងអស់ ដែលបានបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ តាមរយៈការល្បាតចល័ត២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ។ លោកជំទាវបានគូសបញ្ជាក់ថា ឆន្ទៈ ការទទួលខុសត្រូវ និងភាពស្មោះត្រង់របស់មន្រ្តីឆ្មាំទន្លេ គឺជាកាតាលីករដ៏សំខាន់និងចាំបាច់មិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតរបស់សត្វផ្សោតផង និងធានាបាននូវនិរន្ដរភាពធនធានជលផលក្នុងតំបន់ផង។
បន្ថែមពីនោះ លោកជំទាវ បានបញ្ជាក់ទៀតថា ប្រសិនបើមានករណីមន្រ្តីឆ្មាំទន្លេណាប្រព្រឹត្តល្មើស រំលោភអំណាច អនុញ្ញាត ឬបើកដៃឱ្យមានការនេសាទខុសច្បាប់នៅតំបន់អភិរក្សផ្សោត មន្ដ្រីជំនាញនិងថ្នាក់ដឹកនាំ ចាំបាច់ត្រូវកែសម្រួលសមាសភាពឆ្មាំខិលខូចទាំងនោះ មិនអនុញ្ញាតឱ្យបន្តការងារទៀតទេ។ យន្តការកាត់សាច់ស្អុយចេញនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីឆ្មាំ ហើយក៏ជាការលើកទឹកចិត្តដល់មន្រ្តីដទៃទៀតដែលបំពេញការងារបានល្អ ប្រកបដោយឆន្ទៈស្មោះត្រង់ ស្រឡាញ់ និងពេញចិត្តលះបង់កម្លាំងកាយចិត្តអភិរក្សធនធានជលផលដោយមិនខ្លាចនឿយហត់។
ទន្ទឹមគ្នានេះ លោកជំទាវ បានផ្ដល់អនុសាសន៍ណែនាំដល់ឆ្មាំទន្លេ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហការបន្ថែមទៀត ក្នុងការងារចុះបង្ក្រាប បង្ការ និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់អភិរក្សសត្វផ្សោត។ ការងារនេះ ត្រូវធ្វើដោយម៉ត់ចត់ មានផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីបង្ក្រាប និងឈានទៅបញ្ឈប់រាល់ការប្រើប្រាស់មងក្រឡាធំ សន្ទូចរនង និងឧបករណ៍ឆក់ ព្រោះឧបករណ៍ទាំងនេះបង្កហានិភ័យខ្ពស់ដល់សត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/7593ce19d806cd31dda3125af08ebd46-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/7ca312c1aeae0bb379160396aaff8ee5-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8c49aa202ec7e54f49c21c51a53fa7a5-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/0781a8427ee02a5dd96bb6994b3a72a8-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5cdaff998ac74350e8715ac8b9bc80d4-1024x732.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/6f9d2be06a108a79880b39e5900f2cee-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d83f057f19e3df8379a7f3c743478550-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/295232d29cf46093b5c4f719f2b8dc19-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/4d89bcd2f48fee93fff868c9b5e30a93-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/79fdb36dfe322c585623006ae7a628d8-1024x792.jpg)