ភ្នំពេញ ៖ យោងតាមការសង្កេតយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្អែកលើ ស្ថានភាពអាកាសធាតុដែលបន្តមានការប្រែប្រួល គ្រោះថ្នាក់ជាយថាហេតុមួយចំនួនអាចកើតមានឡើងនៅកន្លែង ធ្វើការ ជាអាទិ៍ ករណីអគ្គិភ័យ និងករណីដួលសន្លប់។ ក្នុងន័យនេះ ដើម្បីបន្តលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ របស់កម្មករនិយោជិតដោយរក្សាឱ្យបាននូវបរិយាកាសការងារល្អ ជាពិសេស ការបង្ការនិងទប់ស្កាត់គ្រោះអគ្គិភ័យ និងករណីដួលសន្លប់នៅតាមសហគ្រាស គ្រឹះស្ថាន ក្រសួងសូមក្រើនរំឭកសាជាថ្មីនិងណែនាំដល់ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការចាំបាច់ មួយចំនួន ដូចខាងក្រោម៖
១- បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ធ្វើការវាស់កម្ដៅឧបករណ៍ផ្តល់ចរន្ត អគ្គិសនី ដោយគោរពតាមស្តង់ដាសុវត្ថិភាព និងថែទាំឧបករណ៍ផ្តល់ចរន្តអគ្គិសនី និងសម្ភារៈដំណើរការ ដោយចរន្តអគ្គិសនីទាំងឡាយ ដែលជាមូលហេតុបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅកន្លែង ធ្វើការ និងតាមដានជាប្រចាំសីតុណ្ហមាត្រដែលបានបំពាក់នៅក្នុងសហគ្រាស គ្រឹះស្ថាន។
២- អប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិត ឱ្យយល់ដឹងអំពីសញ្ញាការសុវត្ថិភាព របៀបជម្លៀសខ្លួន និង ធ្វើលំហាត់សមឱ្យបានទៀងទាត់។
៣- ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋម និងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។
៤- ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់ អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្ដឹងប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
៥- ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់ សម្ភារៈបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
៦- រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន តាមរយៈការវាយតម្លៃអំពីចំណាត់ថ្នាក់កន្លែងធ្វើការដែលមាន ប្រើប្រាស់សារធាតុគីមី និងវត្ថុឬសម្ភារៈងាយឆាបឆេះ និងវិធានការឆ្លើយតប និងរក្សាទុកដាក់សារធាតុ ទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។
៧- ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការ ឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។
៨- បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅពេល អាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារៈ និងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព កុំឱ្យបាំងប្រភពខ្យល់ចេញចូល។
៩-ណែនាំដល់កម្មករនិយោជិតបរិភោគទឹកស្អាត និងមានអនាម័យឱ្យបាន ១កែវ នៅរៀងរាល់ ១៥-២០នាទី ព្រមទាំងស្លៀកសម្លៀកបំពាក់សមស្របតាមអាកាសធាតុ។
១០- ត្រូវរៀបចំឱ្យមានប្រព័ន្ធស្រោចទឹកនៅលើដំបូលអគារផលិតកម្ម ឱ្យបានយ៉ាងហោចណាស់ ២ដង ក្នុង ១ថ្ងៃ ឬបន្ថែមសំណាញ់នៅលើដំបូលអគារផលិតកម្ម ដើម្បីកាត់បន្ថយកម្ដៅ។
១១- ត្រួតពិនិត្យ និងចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់ដល់ កម្មករនិយោជិតដែលបណ្តាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពីខាងក្រៅបរិវេណ នៃសហគ្រាស គ្រឹះស្ថាន។
១២- ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយ ទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងត្រូវមានលិខិតអនុញ្ញាត និងមានអ្នកបញ្ហាឡចំហាយ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីក្រសួង ស្ថាប័នជំនាញ។
១៣- ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទីនិងភារកិច្ចរបស់គណៈកម្មការ ឬក្រុមការងារសុវត្ថិភាព និងសុខភាព ការងារប្រចាំសហគ្រាស គ្រឹះស្ថាន ជាពិសេសការត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពការវាយតម្លៃហានិភ័យ ការងារនៅកន្លែងធ្វើការជាប្រចាំ។
ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ដែលមានការធ្វេសប្រហែស និងមិនបានអនុវត្តតាមសេចក្តីណែនាំនេះ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវទទួលរងពិន័យតាម ច្បាប់ស្តីពីការងារ និងការផ្តន្ទាទោសព្រហ្មទណ្ឌផ្សេងទៀត ស្របតាមមាត្រា៣០ នៃច្បាប់ស្តីពីការបង្ការ និងពន្លត់ អគ្គិភ័យ និងច្បាប់ពាក់ព័ន្ធដទៃទៀត។
ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតអាចធ្វើការទំនាក់ទំនង មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬ ១២៩៧” ឬ ក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬ ក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat) ឬអាជ្ញាធរពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់បណ្ដឹងអនាមិក របស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាពនិងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពឡើងកម្ដៅខ្លាំង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/68db670b67a5b57d462b29bb2a7e3336-1-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/547a0dc443935530e2cb1c994ac88761-1.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/7a267d927a72ecb7f3a38f50d27e7621-1.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/fd5a5ff0c6754e46aa51214b8189509c-1.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3bcb03ff71b2de597e2fb8c414f551c7-1.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/9e118cae6ba797920426c4fc364fc77c-1024x626.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/79d11e82ae899c50bbfe4f74c65008a2.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/873e068edad965b09f6cea99590c33ee-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/33db6a90359f2a78db5295cf417b6682.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/770c45ae1f96f79968170aa1fc682cf7-1024x647.jpg)