ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាពCMACបានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូ ដោយស្នើសុំអង្គភាពCMACធ្វើការរំសាយបុគ្គលិកនិងកម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ហេង រតនា បានថ្លែងបន្តទៀតថា ក្នុងស្ថានភាពចំពោះមុខនេះ អង្គភាពCMACនឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញទាំងអស់ដែលត្រូវកាត់រំសាយនេះឲ្យនៅបន្ដបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា។
សូមបញ្ជាក់ថា គម្រោងជំនួយថ្មីៗដែលអង្គភាពCMACទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេសផ្ដល់ជំនួយជាគម្រោងជំនួយបន្ដអនុវត្តន៍ជាមួយកម្លាំងជំនាញដែលមានស្រាប់ និងមិនមែនជាជំនួយដែលត្រូវយកមកជំនួសកម្លាំងជំនាញដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។
ក្នុងពេលជាមួយគ្នានេះ កម្លាំងប្រតិបត្តិការរបស់អង្គភាពCMAC មានចំនួនប្រមាណ៩២%នៃកម្លាំងអង្គភាពទាំងមូល បន្ដដំណើរការប្រតិបត្តិការតាមបណ្តាខេត្តនានាជាធម្មតា ដោយរួមទាំងបណ្តាខេត្តត្រូវជំនួយនេះផងដែរ ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការNPA អង្គការAPOPO និងអង្គការMAG។ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/14af4c743f60555b6c11466633e14f2d-1024x763.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/ff8c1dda082d75dd809309129c6ab2b8-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d3647b9589fd490181a4067fda9af288-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/a8ffe4985395eb0f099c3bbcee36e4ab-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/deacc749f1c12509307b8316e5626b14-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/edca0bd6750b506be8b58a4a91c19046-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/3214d088e3dea3fc4954e8344d094b2b-1024x768.jpg)