Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំណុំរឿង​រំលោភ​សម្លាប់ ចាប់​ជនដៃដល់​ម្នាក់​

​បាត់ដំបង ​៖ ជនសង្ស័យ​ម្នាក់ ដែល​រំលោភ និង​វាយ​សម្លាប់​នារី​ម្នាក់ កំពុង​អង្គុយ​ឃ្វាលគោ​នៅ​ទី​វាល ត្រូវបាន​សមត្ថកិច្ច​ជំនាញ បំបែក​សំណុំរឿង និង​ឈាន​ទៅ​ចាប់ខ្លួន ជនដៃដល់ មក​ផ្ទន្តាទោស​តាមច្បាប់​។​

​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង បានឲ្យដឹងថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​​បញ្ជា​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​ឧត្តមសេនីយ៍ត្រី​​ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី ពី​លោក នួន សាន​ ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី ៣០ ខែ សីហា ឆ្នាំ​២០១៨ ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប​ ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ចុះ​ប្រត្តិបត្តិការ​ ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆុន ឆាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​រួច​សម្លាប់ ទៅលើ​ជនរងគ្រោះ​ឈ្មោះ ឆន សឿត ភេទ​ស្រី អាយុ ២៦​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ស្វាយ​ស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ​២០១៨ ។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៣១​ខែ​សីហា​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​ថ្លែងថា ករណី​រំលោភ​ហើយ​សម្លាប់ បន្ទាប់​ពី​មាន​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ និង​មាន​ពាក្យ​ប្តឹង​របស់​ក្រុមគ្រួសារ របស់​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ដោយ​ជោគជ័យ ។ ក្នុង​ការស្រាវជ្រាវ​ដោយ​ជំនាញ​ ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែសីហា​កម្លាំង​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ម្នាក់ ឈ្មោះ ឆុន ឆាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​ ​និង​បាន​ចាប់ខ្លួន​យក​មក​សាកសួរ ។ នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា​នេះ ជនសង្ស័យ​បាន​សារភាព​នូវ​ទោស​កំហុស​របស់​ខ្លួន​ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​ជនរងគ្រោះ ។

បើតាម​លោក​ស្នងការរង បានបញ្ជាក់​ថា ជនសង្ស័យ​សារភាពថា នៅ​ពេល​ថ្ងៃ​កើតហេតុ​ ​ក្នុង​ទីកន្លែង​មាន​ព្រៃតូច និង​មាន​ស្នុក​ចំបើង​មួយ ដោយ​បាន​ឃើញ​នារី​រងគ្រោះ​កំពុង​អង្គុយលេង ។​ ​ក្នុង​ពេលនោះ​ខ្លួន​មាន​ចេតនា​មួយ​ថា​នឹង​ចាប់​នារី​រងគ្រោះរំលោភ​បាន ហើយ​ខ្លួន​ក៏​បាន​ដើរចូល​ទៅ​​ហើយ​ដណ្តើម​យក​កណ្តៀត​ពី​ដៃ​ជនរងគ្រោះ​វាយ​ទៅលើ​ជនរងគ្រោះ​ចំ​សៀតផ្កា​បណ្តាល​ឲ្យ​សន្លប់ រួច​ចាប់​ផ្តើម​​ស្រាត​ខោ​​និង​ដោះអាវ នារី​រងគ្រោះ​រំលោភ​បានសម្រេច ។ បន្ទាប់ពី​រំលោភ​ហើយ ជនបង្ក បាន​អូស​នារី​រងគ្រោះ ទៅ​មាត់​ស្រះ​​ដែល​មាន​ចំងាយ​ពី​កន្លែង​រំលោភ​ប្រហែល​៣​ម៉ែត្រ ប៉ុន្តែ​ដោយ​សង្ស័យ​ខ្លាច​នារី​រងគ្រោះ​មិនទាន់​ស្លាប់ ជនបង្ក​ក៏​យក​ដំបង​គល់​ ​ឫស្សី​ធំ​មួយ វាយ​ជនរងគ្រោះ​ចំ​កញ្ចឹងក និង​សៀតផ្កា រួច​រុញ​នារី​រងគ្រោះ​ទម្លាក់​ចូលទៅ​ក្នុង​ទឹកស្រះ​ ​ហើយ​គេចខ្លួន​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​ធ្វើ​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ ជនបង្ក បាន​សារភាព​ទទួល​ទោសកំហុស​របស់ខ្លួន ហើយ​បាន​ស្នើ​ដល់​លោក​ស្នងការ និង​តុលាការ​​ជួយ​សម្រាល​ទោស​ផង​។​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ កំពុងតែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក​ស្នងការរង បាន​ក៏​បាន​ផ្តាំផ្ញើ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន​ ​និង​មិន​គួរ​ឲ្យ​កូនស្រី​ទៅ​កន្លែង​ឆ្ងាយ​ដាច់​តែឯង ដូច​ជា​កន្លែង​ឃ្វាលគោ​ក្នុង​ទី​ស្ងាត់ ជា​ពិ​សេ​សូម​គ្រប់គ្រង​និង​តាម​កូនស្រី​ជា​ប្រចាំ​ ​ចៀសវាង​កើតឡើង​ដូច​ករណី​នេះ ចំណែក​បញ្ហា​កូនប្រុស​ត្រូវ​តាមដាន​បញ្ហា បង្ក​រឿង​ព្រហ្មទណ្ឌ និង​ចាក​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន ។​

​លោក​ក៏​បាន​ស្នើសុំ​កិច្ច​សហការ​ពី​ប្រជាពលរដ្ឋ ប្រសិនបើ​មាន​ករណី​បទល្មើស​កើតឡើង​ ​និង​រាយការណ៍​ជាបន្ទាន់​មក​សមត្ថកិច្ច​ជំនាញ ដើម្បី​បំបែកសំណុំរឿង​៕​ ដោយ​ ៖​ កូឡាប​

spot_img
×