បាត់ដំបង ៖ នគរបាលស្រុកកំរៀង បានឲ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបសកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦ ចំណុះអធិការដ្ឋាននគរបាល ស្រុកកំរៀងក្នុងកិច្ចប្រតិបត្តិការប្រចាំថ្ងៃ បំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ឋភាពល្អប្រសើរ និងដោយបានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនៃអធិការដ្ឋាននគរ បាលស្រុកកំរៀងបាន ធ្វើការរៀបចំបំពាក់នូវមធ្យោបាយ ( ម៉ូតូកង់បី )ចំនួន ០៦ គ្រឿងជូនដល់នគរបាល ប៉ុស្តិ៍រដ្ឋបាលទាំង៦ក្នុងស្រុកកំរៀង ដើម្បីបានប្រើប្រាស់បំរើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ។
លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងបានលើកឡើងថា មូលហេតុ ដែលលោកសម្រេចចិត្តយកម៉ូតូកង់ពីរ មកបំពាក់ឧបករណ៍បន្ថែម ដើម្បីឲ្យក្លាយទៅជាម៉ូតូកង់បីយ៉ាងដូច្នេះ នោះដោយលោកពិនិត្យឃើញថា កន្លងទៅម៉ូតូកង់ពីរដែលជារបបរបស់ក្រសួងមហាផ្ទៃផ្តល់ជូនដល់ប៉ុស្តិ៍នគរបាល រដ្ឋបាលជិះបំពេញភារកិច្ចនៅក្នុងមូលដ្ឋាននោះ គឺមានលទ្ឋភាពដឹកដៀវបានតែមនុស្សចំនួនមួយឬពីរនាក់តែ ប៉ុណ្ណោះ ហើយពេលចេញប្រតិបត្តិការពេលខ្លះដែលមានកម្លាំងនគរបាលច្រើន គឺត្រូវប្រើប្រាស់មធ្យោបាយ ច្រើនគ្រឿងដើម្បី ដឹកនាំកងកម្លាំង ។
ដោយយល់ឃើញបែបនេះហើយទើបលោកសម្រេចចិត្តយកម៉ូតូកង់ពីរនេះទៅបំពាក់បន្ថែម នូវ ឧបការណ៍ដើម្បីឲ្យក្លាយទៅជាម៉ូតូកង់បី សម្រាប់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប្រើប្រាស់ ។
លោកវរសេនីយ៍ឯក គឺម ពន្លក បានបញ្ជាក់អំពីប្រសិទ្ឋិភាពរបស់ម៉ូតូកង់បីយ៉ាងដូច្នេះថា៖
១-ម៉ូតូកង់បីនេះអាចដឹកនាំកងកម្លាំងនគរបាលចុះបំពេញការងារតាមមូលដ្ឋានបានច្រើននាក់ពីចំនួន ៤នាក់រហូតដល់៦នាក់។
២-ម៉ូតូកង់បីនេះអាចដឹកជញ្ជូនមនុស្ស សម្ភារៈ កសិផល សត្វចិញ្ចឹមខ្លះរបស់ប្រជាពលរដ្ឋ នៅក្នុងមូល ដ្ឋាន ខណៈពេលដែលប្រជាពលរដ្ឋលោកមានការលំបាកខ្វះខាតមធ្យោបាយក្នុងការដឹកជញ្ជូន។
៣-ម៉ូតូកង់បីនេះអាចដឹកកងកម្លាំងនគរបាល ឬកងប្រជាការពារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះ នូវគ្រោះមហន្តរាយដោយធម្មជាតិ ខ្យល់កន្ត្រាក់ អគ្គិភ័យ ឬទឹកជំនន់ ហើយអាចចល័តដឹកជញ្ជូនមនុស្សឬសម្ភារៈទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបឧប្បត្តិហេតុគ្រោះធម្មជាតិ ខាងលើទៅកាន់ទីសុវត្ថិភាព ឬមណ្ឌលសុខភាពក្នុងករណីពួកគាត់មានបញ្ហាខាងសុខភាព។
៤-ម៉ូតូកង់បីនេះអាចដឹកស្បៀង ឬសម្ភារៈផ្សេងៗសម្រាប់ផ្គត់ផ្គង់ឬផ្តល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ ។
ជាមួយនេះលោកអធិការបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងមូលដ្ឋានស្រុកកំរៀងទាំងមូល ជាពិសេសការគាំទ្រពីឯកឧត្តមស្នងការនគរបាលខេត្តបាត់ដំបង ដែលចូលរួមនិងគាំទ្រនូវសកម្មភាពការងាររបស់លោក និងសហការី ៕ ដោយ ៖ បញ្ញាស័ក្តិ