ស្វាយរៀង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនៅតាមផ្លូវជាតិលេខ១ត្រង់ចំណុចដេប៉ូឈើមួយកន្លែង ស្ថិតក្នុងភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសាស្ត្រីម្នាក់បានតូចចិត្តព្រោះគ្មានលុយចិញ្ចឹមកូនស្រីដែលទើបនឹងកើតមានអាយុបាន៣ខែ ខណៈដែលប្តីចេញទៅធ្វើកម្មករលីសែងនៅកន្លែងលក់ឈើនិងគ្រឿងសំណង់មួយ ហើយមិនព្រមមកផ្ទះយកលុយចិញ្ចឹមកូនដាច់ចិត្តពរកូនមកតាមប្តីយំបោកខ្លួនរត់ចូលរថយន្តនិងម៉ូតូគេប៉ងសម្លាប់ខ្លួន ព្រោះតែខឹងប្តីមិនទៅផ្ទះ។
ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ។
បើតាមស្ត្រីគិតខ្លីប៉ងសម្លាប់ខ្លួនខាងលើនេះបានអោយដឹងថា រូបគេមានឈ្មោះសូមុំ រស់នៅក្នុងគ្រួសារក្រីក្រមួយក្នុងភូមិសំបួរឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានម្តាយឪពុកបង្កើតបងប្អូនកាត់កាលចោល ព្រោះតែស្រឡាញ់ប្តីដែលឪពុកម្តាយមិនពេញចិត្ត ហើយក៏សម្រេចចិត្តរត់ទៅរៀបការខាងប្តីបានជាង១ឆ្នាំមកនេះ ជាប់ជាចំណងដៃកូនស្រីមួយដែលទើបតែមានអាយុ៣ខែ ខណៈដែលប្តីចេញទៅធ្វើជាកម្មករលីសែងនៅក្នុងដេប៉ូឈើមួយកន្លែងក្នុងភូមិសម្ភ័រឃុំសំបួរដើម្បីរកថវិការមកផ្គត់ផ្គង់ក្នុងគ្រួសារ តែក្តីសង្ឃឹមបានប្រែជារលាយសាបសូន្យដោយចាប់តាំងពីប្តីខ្លួនមកធ្វើការជាកម្មករនៅកន្លែងដេប៉ូឈើនេះមិនដែលទៅផ្ទះវិញទេ ហើយលុយកាក់ក៏មិនឃើញផ្ញើរអោយដែរ ធ្វើអោយជីវភាពក្នុងគ្រួសាររស់នៅក្នុងខ្ទមកំសត់សូម្បីតែភ្លើងក៏គ្មានប្រើផង ផ្ទះងងឹតសូន្យសុងលឺតែសំឡេងកង្កែបចង្រិតយំពេលរាត្រីសុខចិត្តយំអោបកូនខ្ចីស្រណោះខ្លួនរត់តាមប្តី តែប្តីមិននៅជួបជុំ ជីវិតហាក់បីដូចអស់សង្ឃឹមចង់តែស្លាប់ដើម្បីផុតទុក្ខដ៏មហាសែនលំបាកមួយនេះ។
ស្ត្រីអភ័ព្វខាងលើបានបន្តទៀតថា ៖ ពេលដាំបាយគ្មានអង្ករច្រកឆ្នាំងរត់ទៅខ្ចីអង្ករអ្នកជិតខាង សង្ឃឹមលុយប្តីតែមិនឃើញប្តីមកក៏សម្រេចចិត្តជួលម៉ូតូឌុបជិះមកតាមប្តីដើម្បីបានលុយខ្លះ អ្វីមិនដូចបំណងប្រាថ្នាទាល់តែសោះ ខណៈមកជួបមុខប្តីបែរជាប្តីមិនព្រមទៅផ្ទះ ហើយចង់ចែកផ្លូវទៅទៀត តើអោយស្ត្រីណាមិនឈឺចិត្តទើបរូបនាងសម្រេចរត់ចូលរថយន្តនិងម៉ូតូគេដើម្បីបញ្ចប់ជីវិតដ៏ស្មុកស្មាញមួយនេះ។
ស្រីមុំបានរៀបរាប់ទាំងទ្រហោយំទៀតថា ៖ ប្តីខ្លួនមានឈ្មោះយស់កានអាយុ២៦ឆ្នាំ ជាអ្នកភូមិជាមួយគ្នាចាប់តាំងរៀបការជាមួយគ្នាបានជាងមួយឆ្នាំមកនេះពុំដែលវាយតប់នាងទេ ហើយកាលពីមិនទាន់មកធ្វើការកន្លែងលក់ឈើនេះគេមានមុខរបរដើរតាមឡានដឹកឥដ្ឋ ហើយបានមកផ្ទះជួបជុំប្រពន្ធកូនរាល់ថ្ងៃនិងបានលុយចូលផ្ទះខ្លះ តែចាប់តាំងប្តីខ្លួនមានមិត្តភក្តិធ្វើការនៅដេប៉ូឈើនេះបានអូសទាញប្តីអោយមកធ្វើការមិនទៅផ្ទះវិញទេ ធ្វើអោយនាងកំព្រារងាររស់នៅតែពីនាក់ម្តាយកូនយ៉ាងវេទនាជាពន់ពេក។
ពាក់ព័ន្ធនិងករណីនេះដែរ បើតាមឈ្មោះ យស់ កាន ត្រូវជាប្តីរបស់នារីគិតខ្លីបានបញ្ជាក់ថា ៖ ខ្លួនមិនបានរត់ចោលប្រពន្ធកូនទេ ដោយសារជីវភាពខ្វះខាតចេញពីផ្ទះមកធ្វើកម្មករលីសែងអោយគេនៅដេប៉ូឈើខាងលើនេះ គ្រាន់តែមិនបានទៅផ្ទះ ព្រោះរវល់ទៅតាមរថយន្តដឹកឥវ៉ាន់មកវិញយប់ មិនបានទៅផ្ទះវិញតែប៉ុណ្ណោះ ហើយក៏មិនបានលែងលះគ្នាដែរ។
ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកសាកសួរនិងធ្វើការអប់រំកុំអោយស្ត្រីគិតខ្លីនេះធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត និងត្រូវចេះស្រឡាញ់គ្រួសារជាពិសេសកូនដែលនៅតូចមិនដឹងអី ហើយមករងគ្រោះដោយសារម្តាយគិតខ្លី ៕ វ៉ៃកូ