Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនអន្តោប្រវេសន៍​ដែល​បាន​ទៅដល់​គោលដៅ​បាន​ថយចុះ​យ៉ាងខ្លាំង​តែ ការ​ស្អប់ខ្ពើម​ជនអន្តោប្រវេសន៍​នៅក្នុង​អឺរ៉ុប​កំពុងតែ​កើនឡើង​

ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ​ ហៅ​កាត់​ថា UNHCR កំពុងតែ​អំពាវនាវ​ឲ្យ​មាន​ការជួយ​សម្រួល​ដល់​ការធ្វើ​អន្តោប្រវេសន៍​ដោយ​សុវត្ថិភាព​និង​ស្របច្បាប់ ខណៈដែល​តួលេខ​អ្នកស្លាប់​ក្នុងចំណោម​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍ដែល​ឆ្លង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅ​អឺរ៉ុប កើន​ឡើងដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

លោក Charlie Yaxley អ្នកនាំពាក្យ​អង្គការ UNHCR ឱ្យដឹងថា មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​៤២​នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន​កាលពី​ឆ្នាំមុន ខណៈដែល​ពួកគេ​ឆ្លង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ តួលេខ​ឆ្នាំនេះ​កើនឡើង​យ៉ាងខ្លាំង​បើ​ធៀប​ទៅនឹង​ឆ្នាំមុន ព្រោះ​នៅក្នុង​រយៈពេល​៨​ខែ​ដំបូង​នៅក្នុង​ឆ្នាំនេះ មនុស្ស​ម្នាក់​ក្នុងចំណោម​១៨​នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន​។​លោក​និយាយថា ក្នុងអំឡុងពេល​នៃ​រដូវ​កាលដែល​ជនអន្តោប្រវេសន៍​មកដល់​អឺរ៉ុប​ខ្ពស់បំផុត​ក្នុង​ខែមិថុនា អត្រា​អ្នកស្លាប់​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ មាន​រហូតដល់​ទៅ​ម្នាក់​ក្នុងចំណោម​៧​នាក់​។​

ទោះជា​តួលេខ​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​ដែល​បាន​ទៅដល់​គោលដៅ​បាន​ថយចុះ​យ៉ាងខ្លាំង​ក៏ដោយ ក៏​ការ​ស្អប់ខ្ពើម​ជនអន្តោប្រវេសន៍​នៅក្នុង​អឺរ៉ុប​កំពុងតែ​កើនឡើង​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ទូក​ដឹក​ជនអន្តោប្រវេសន៍​ជាច្រើន​ត្រូវ​ជាប់​នៅ​កណ្តាល​សមុទ្រ​ជាច្រើន​ថ្ងៃ ខណៈដែល​ប្រទេស​ដទៃទៀត​ឈ្លោះប្រកែក​គ្នា​ទៅលើ​ថា​តើ​ប្រទេស​មួយណា​ត្រូវ​ទទួលយក​ពួកគេ​នោះ​។

​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ អង្គការ UNHCR​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ IOM បាន​អំពាវនាវ​ឲ្យ​មានការ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្នាក់​តំបន់​មួយ​ដែល​អាច​ទស្សន៍ទាយ​ទុកជាមុន​បាន ដើម្បី​ជួយសង្គ្រោះ​និង​ជួយ​ដល់​ជនអន្តោប្រវេសន៍​ដែល​រងទុក្ខវេទនា​និង​កំពុង​ជាប់​នៅលើ​ទូក​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​អាច​ចូលចត​នៅ​ច្រាំង​សមុទ្រ​អឺរ៉ុប​បាន​។

ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ​រាយការណ៍​ថា អត្រា​អ្នក​ដែល​មកដល់​អឺរ៉ុប​បាន​ធ្លាក់ចុះ​៤១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​៕
លីសា

×