ខេត្តកំពង់ចាម: ទីតាំងកន្លែងប្រជល់មាន់មួយកន្លែង ស្ថិតក្នុងដីចំការស្វាយចន្ទីរភូមិឈើទាល ដែលប្រជាពលរដ្ឋដាក់រហស្សនាមដុះស្លែគ្មានសមត្ថកិច្ចជំនាញណាហ៊ានចូលទៅបង្ក្រាបនោះ ឥឡូវនេះ កម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ដែលដឹកនាំដោយអភិបាលស្រុកជើងព្រៃ បានចុះបង្ក្រាបនិងដុតបំផ្លាញសម្ភារទាំងអស់នៅនឹងកន្លែងតែម្តង។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅវេលាម៉ោង១២:៣០នាទី ថ្ងៃទី៦កញ្ញា២០១៨ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនាំកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចុះបង្ក្រាបទីតាំងកន្លែងប្រជល់មាន់មួយកន្លែង ស្ថិតក្នុងដីចំការស្វាយចន្ទីរ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រតិបត្តិការ ទី១-យើងបានរៀបចំហ៊ុមព័ទ្ធកន្លែង ប្រជល់មាន់ចាស់ តែចូលទៅដល់មិនមានអ្នកលេងទេ។ ទី២-យើងបានបន្តរកកន្លែងផ្សេងទៀត ហើយកន្លែងថ្មីនោះ ឃ្លាតឆ្ងាយពីកន្លែងជល់មាន់ចាស់ជិត១គីឡូម៉ែត្រ ពេលសមត្ថកិច្ចយើងទៅដល់ ដោយសារទីតាំងប្រជល់មាន់មួយកន្លែងនេះ ទើបបង្កើតថ្មីនេះ ស្ថិតក្នុងចំការចន្ទីរជ្រៅ ធ្វើឱ្យអ្នកប្រជល់មាន់ ផ្អើលរត់អស់ពីកន្លែងប្រជល់មាន់ បន្សល់នៅវត្ថុតាងមាន: កូនជើងម៉ាតូចៗចំនួន៣២ ទ្រុងក្រុងមាន់ចំនួន១។
ដោយបានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម វត្ថុតាងទាំងអស់ ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង រួមមាន កនេ្ទលចំនួន៤ តង់សម្រាប់រុំព័ទ្ធសង្វៀនមាន់ចំនួន២ កៅស៊ូផ្លាស់ស្ទិចសរចំនួន២ផ្ទាំង៕ ដោយ ៖ បញ្ញាស័ក្តិ