ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវលើកយកមកប្រកាស នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយឡែកសម្រាប់មណ្ឌលផ្សេងទៀត នឹងប្រកាសលទ្ធផលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ដំបូងឡើយក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្របាក់ឌុប នៅថ្ងៃទី១១ និង ១២ ខែកញ្ញា ប៉ុន្តែពេលនេះត្រូវបានកែសម្រួលមុនពេលកំណត់មួយថ្ងៃ។ ការប្រកាសលទ្ធផលមុនកាលបរិច្ឆេទកំណត់ ដោយសារដំណើរការកំណែនិងដំណើរការស្រង់បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ បានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់ និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា “នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់ខេត្តផ្សេងៗទៀត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង Facebook.com/moeys.gov.kh ។
ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ”។
ក្រសួងអប់រំ បានបញ្ជាក់ថា នាថ្ងៃព្រហស្បតិ៍ ទី៦ខែកញ្ញា ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នៅនាយកដ្ឋានកិច្ចការប្រឡង ត្រូវបានបញ្ចប់ទាំងស្រុង ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ពីសមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS អនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងគណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលអាចធានាបាននូវការប្រឡងស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងអប់រំ បានលើកឡើងជាសំណួរថាតើពិន្ទុប៉ុន្មានត្រូវបានកំណត់ឲ្យជាប់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?
របបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ ដក ២៥ រួចចែកនឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុ ជាប់៕ ដោយ ៖ កូឡាប