ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យរកឃើញ អ្នកបើកបររថយន្តដឹកកុងតឺន័រ នៅតាមផ្លូវជាតិលេខ៤មួយចំនួន មានផ្ទុកសារធាតុញៀន។
លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាតស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ និងការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួស សីលា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះត្រួតពិនិត្យ អ្នកបេីករថយន្ដធុនធ្ងន់ដឹកកុងតឺន័រ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអូរចំណារ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលឲ្យដឹងថា ការធ្វេីតេស្តទឹកនោម ទៅលើអ្នកបើកបរមួយចំនួន សមត្ថកិច្ចបានរកមើលសារធាតុញៀន។
សមត្ថកិច្ចបន្តថា សកម្មភាពខាងលើ គឺបានត្រួតពិនិត្យធ្វើតេស្តទៅលើអ្នកបើកបរចំនួន ១២៨នាក់ ដោយរកឃើញអ្នកមានផ្ទុកសារធាតុញៀនចំនួន ១២នាក់។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា អ្នកមានផ្ទុកសារធាតុញៀនទាំង ១២នាក់ សមត្ថកិច្ចបានធ្វើការអប់រំ ធ្វេីកិច្ចសន្យាឲ្យបញ្ឈប់ការប្រើប្រាស់សារធាតុញៀន ដោយឲ្យម្ចាស់ក្រុមហ៊ុនរថយន្តមកធានាផងដែរ៕ ដោយ៖ ដែន សីមា